សូមសម្ដេចតេជោ ហ៊ុន សែន ទានជ្រាប ៖ រឿងឆ្លៀតឱកាស កន្ទេលធំបន្លំដេក មេភូមិចំការចេក និងក្រុមប្រឹក្សាសង្កាត់អូរស្មាច់ម្នាក់ ធ្លាក់ប្រាក់គំរោងផ្លូវបេតុងមកដល់ ដើររៃអង្គាសប្រាក់ពីពលរដ្ឋបន្ថែម ដោយនិយាយថា ប្រាក់មិនទាន់គ្រប់
ខេត្តឧត្ដរមានជ័យ ៖ សូមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ទានជ្រាប ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មានការរអ៊ូរទាំពីប្រជាពលរដ្ឋ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មកថា កំពុងស្ថិតក្នុងសម័យកូវីដ រកអីមិនបានផង បែជាលោក ហ៊ីម សេរីបុត្រ មេភូមិចំការចេក និងក្រុមប្រឹក្សាសង្កាត់ម្នាក់ ដើរៃអង្គាសប្រាក់ តាមខ្នងផ្ទះ ដោយប្រាប់ថា ប្រាក់គំរោងផ្លូវបេតុងមិនគ្រប់ នៅខ្វះ ៤០ម៉ែត្រ ទើបពលរដ្ឋនាំគ្នាចូលរួមភ្លូកទឹកភ្លូកដី ដោយសារតែចង់បានផ្លូវល្អស្អាត នៅតាមមុខផ្ទះ តែធាតុពិត ជាការកុហកបោកប្រាស់ និងជាការចាញ់បោកលោកមេភូមិ និងក្រុមប្រឹក្សាសង្កាត់នោះសោះ។
បើយោងទៅតាមតារាងរាយនាម របស់លោក ហ៊ី សេរីបុត្រ មេភូមិចំការចេក ក្នុងម្នាក់ៗអស់ប្រាក់ចាប់ពី ១០ម៉ឺនរៀល រហូតដល់ ២០០ដុល្លារ (ពីររយដុល្លារ) ប្រមូលបានប្រាក់រាប់លានរៀលក្នុងមួយពព្រេចភ្នែក ហើយមិនដឹងថា មានពលរដ្ឋប៉ុន្មាននាក់ទៀតទេ នឹងត្រូវរងគ្រោះបន្តទៀត ចំពោះរឿងដដែលៗ។
ជុំវិញករណីខាងលើ ក្រុមប្រឹក្សាសង្កាត់ បានបញ្ជាក់ប្រាប់ក្រុមការងារយើងថា ប្រាក់គំរោងផ្លូវមិនខ្វះទេ គ្រប់ហើយ។ មតិប្រជាពលរដ្ឋ ក៏ឆ្ងល់ ហើយសួរថា បើលុយមានចាក់បេតុងគ្រប់ហើយ ចុះហេតុអ្វីមករៃពីពួកគាត់ទៀត។ គាត់បន្តទៀតថា ក្រោយពីកូវីតមក ពួកខ្ញុំរកអីមិនបានផង មានលុយពីណាចូលធ្វើផ្លូវ។ មេភូមិចំការចេកលោក ហ៊ឹម សេរីបុត្រឆ្លើយថា មិនមានក៏ត្រូវតែមានដែរ តិចច្រើនអីក៏បាន ព្រោះអីយើងជាម្ចាស់ផ្លូវ។
បើយោងតាមប្រសាសន៍លោក ឈឿន វិបុល ក្រុមប្រឹក្សាសង្កាត់ បានបញ្ជាក់ប្រាប់ក្រុមកាងារថា នេះជាគំរោងមូលនិធិបដិភាគរបស់ប្រជាពលរដ្ឋ និងមូលដ្ឋាន គឺជាទិសដៅដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកក្នុងសហគមន៍។
តែមុនពេលចុះរៃលុយពីប្រជាពលរដ្ឋ លោកមេភូមិ ហ៊ឹម សេរីបុត្រ និងលោក ឈឿន វិបុល បានប្រាប់ និងបញ្ជាក់ប្រាប់ពួកគាត់ថា ការចាក់ផ្លូវបេតុងនេះ គឺនៅខ្វះប្រវែង ៤០ម៉ែត្រទៀត បានមានលុយចាក់គ្រប់។ ប៉ុន្តែដល់ពេលនេះ ក្រុមកាងារ បានជួបជាមួយលោក ឈឿន វិបុល តាមរយៈទូរស័ព្ទ សួរអំពីបញ្ហាលុយគំរោងក្នុងការធ្វើផ្លូវនេះ គាត់បានប្រាប់ថា លុយគំរោងចាក់បេតុងនេះគ្រប់ហើយ ចឹងលុយដែលបានរៃពីពលរដ្ឋ គាត់នឹងបង្វែយកទៅទិញជាអំពូលសូឡាបំភ្លឺអោយពួកគាត់វិញ។
ដូច្នេះ បានន័យថា សំដីដែលលោកមេភូមិ និងលោកក្រុមប្រឹក្សា និយាយប្រាប់ពលរដ្ឋ មុនពេលដែលយកលុយ និងក្រោយពេលដែលយកលុយ មានភាពមិនប្រក្រតីហើយ៕ដោយ ៖ គេហទំព័រ ស្រទាប់យុវវ័យ