ទើបតែធ្វើការបង្រាបថ្មីៗនេះ ឥឡូវឃើញនៅក្នុងដែនការគ្រប់គ្រងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កំពុងចាប់ផ្ដើមបើកលេងល្បែងសុីសងខុសច្បាប់យ៉ាងគឃ្លើនសារជាថ្មីវិញហើយ
ភ្នំពេញ ៖ ប៉ុន្មានខែមុនពលរដ្ឋបានឃើញនៅក្នុងទឹកដី ខណ្ឌមានជ័យ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ បានចាប់ឃាត់ខ្លួនអ្នកញៀនល្បែងមួយចំនួន និងវត្ថុតាងរួមមាន ម៉ូតូជាច្រើនគ្រឿងផងដែល ហើយបានស្ងាត់មួយរយៈធំ ប៉ុន្តែថ្មីៗនេះពលរដ្ឋបានសង្កេតឃើញ មានទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់កំពុងប្រមូលបក្សពួកបើកលេងយ៉ាងគឃ្លើនមួយកន្លែង ចុះពីផ្លូវ39 ចូលតាមច្រកការាសឡាន អ៊ូអូន អូតូខា ចូលក្នុងចម្ងាយ 120ម៉ែត្រ នៅខាងស្តាំដៃ ម្ដុំបោចមាន់ ស្ថិតភូមិចំរើនផលទី3 សង្កាត់បឹងទំពុនទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន ពួកគាត់បានដឹងដែរឬទេ ឬមួយមិនហ៊ានធ្វើការបង្រ្កាប?
ប្រភពច្បាស់ការណ៍ បានឲ្យដឹងនៅរសៀលថ្ងៃទី18 ខែធ្នូ ឆ្នាំ 2021នេះថា ទីតាំងល្បែងស៊ីសងខុសច្បាប់នៅខាងលើនេះ កំពុងបើកយ៉ាងពេញបន្ទុក ធ្វើឲ្យពលរដ្ឋរស់នៅមានកង្វល់ និងការភ័យខ្លាចអំពីបញ្ហាអសន្តិសុខដូចជាអំពើលួច ឆក់ ប្លន់ និងអំពើរហិង្សាផ្សេងៗ ជាពិសេសពួកគាត់ព្រួយបារម្ភខ្លាចឆ្លងរីករាលដាលជំងឺកូវីដ-19 ពីពួកអ្នកមកលេងល្បែងនៅទីកន្លែងនេះជាខ្លាំងតែម្តង។
ប្រភពដដែលពីពលរដ្ឋនាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមួយចំនួន នៅក្នុងទឹកដី សង្កាត់បឹងទំពុនទី1 ខណ្ឌមានជ័យ អាចបានទទួលផលប្រយោជន៍ពីម្ចាស់ទីតាំងបើកបទល្មើសមួយនេះរួចអស់ហើយទេដឹង បាននាំគ្នាបិតភ្នែកបើកភ្លើងខៀវ បណ្តោយឲ្យទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះ បើកលេងយ៉ាងអនាធិបតេយ្យទៅវិញ។ ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នាអំពាវនាវ យ៉ាងទទូចមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយពិនិត្យ និងមានចំណាត់ការចាត់កម្លាំងជំនាញ ធ្វើការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់កំពុងបើកលេងភូមិខាងលើនេះតាមគោលនយោបាយភូមិឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន៕