ភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅខេត្តសៀមរាបលើកដំបូង បានធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមានទាំងអស់
អ្នកដំណើរមកពីបរទេសចំនួន ៦៧នាក់ ដែលបានមកកម្សាន្ត នៅខេត្តសៀមរាប តាមជើងហោះហើរអន្តរជាតិលើកដំបូងរបស់ Singapore Airlines នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ហើយក្នុងចំណោមនោះ ត្រូវបានឱ្យធ្វើតេស្តរកមេរោគកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
លោកវរេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងតាមប្រព័ន្ធតេលេក្រាម នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះថា មន្រ្តីចត្តាឡីស័កសាខាខេត្តសៀមរាប និងក្រុមRRT មន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើតេស្តរហ័ស(RDT) នៅព្រលានយន្តហោះសរុប៦៥(ស្រី៣០ ប្រុស៣៥)ក្មេងអាយុក្រោម៤ឆ្នាំ២នាក់ អត់ធ្វើទេ ជាលទ្ធផលអវិជ្ជមានទាំងអស់។
សូមបញ្ជាក់ថា នេះជាភាពជោគជ័យមួយ សម្រាប់ខេត្តសៀមរាបដែលភ្ញៀវទេសចរបរទេសលើកដំបូង ដែលមកកម្សាន្តនៅខេត្តសៀមរាប ក្រោយស្ថានភាពកូវីដ១៩មានការធូស្បើយ ហើយលទ្ធផលតេស្តអវិជ្ជមាន។ អ្នកទេសចរទាំងនេះ អាចចេញដើរកម្សាន្តយ៉ាងសប្បាយបានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា៕