ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាសម្ភារៈមួយចំនួន ដល់ក្រុមគ្រួសារសមាគមម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ចំនួន ៤២៩នាក់
កំពត ៖ នៅព្រឹកថ្ងៃពុធទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ សម្ភារៈមួយចំនួនដល់ក្រុមគ្រួសារសមាគមម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ចំនួន ៤២៩នាក់ ក្នុងនោះ អ្នករត់ម៉ូតូឌុបមានចំនួន ២៥៨នាក់ អ្នករត់កង់បីមានចំនួន ១២០នាក់ និងអ្នករត់តាក់ស៊ីមានចំនួន ៥១នាក់។
ក្នុងពិធីនាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងកំពត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។
អំណោយចែកជូនក្រុមគ្រួសារសមាគមនម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ីក្នុងម្នាក់ៗទទួលបានអង្ករ ២០គ.ក មី១ កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ អាវចំនួន ១ ដោយឡែកអ្នករត់ម៉ូតូឌុបជាស្ត្រីចំនួន ៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០ដុល្លាផងដែរ៕