រដ្ឋបាលខេត្ត បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ មានអាយុ៥ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
ស្វាយរៀង ៖ នាព្រឹកថ្ងៃចន្ទ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ មានអាយុ៥ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាល អភិបាលរងក្រុង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកមេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋដែលនាំប្អូនៗក្មួយៗមកទទួលការចាក់វ៉ាក់សាំង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។
ទន្ទឹមនេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ តាមពេលវេលា និងទីតាំងដូចខាងក្រោម ៖
- ពេលព្រឹកពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី
- ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង ៤រសៀល រួមមាន ៖
១- ក្រុងស្វាយរៀង : មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង
២-ក្រុងបាវិត : មន្ទីរពេទ្យបង្អែកជីភូ
៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ
៤- ស្រុកស្វាយទាប : មន្ទីរពេទ្យបង្អែកស្វាយទាប
៥- ស្រុករំដួល : មណ្ឌលសុខភាពថ្នាធ្នង់
៦- ស្រុកចន្ទ្រា : មណ្ឌលសុខភាពមេសថ្ងក
៧- ស្រុកស្វាយជ្រំ : មណ្ឌលសុខភាពតាសួស
៨- ស្រុករមាសហែក : ទីតាំងសាលាស្រុកចាស់ ៕