រឿងរ៉ាវជុំវិញករណីស្លាប់ទារកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនវាមិនមែនជាកំហុសរបស់ក្រុមគ្រូពេទ្យឡើយ


ខេត្តប៉ៃលិន:   លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន លោកវេជ្ជបណ្ឌិត គឹម សំណាង បានស្រាយបំភ្លឺ ក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ «SSad Song» បានបង្ហោះសារ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សរសេរថា «ខ្លោចចិត្ត កូនគាត់ស្លាប់ ដោយសារតែពេទ្យរើសអើង ព្រោះគាត់មាន Covid ១៩ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន» ។ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានច្រានចោលការចោទប្រកាន់របស់ស្រ្តីជាម្តាយ មកលើក្រុមគ្រូពេទ្យថា មិនដូចអ្វីដែលនាងជាម្តាយ បាននិយាយរៀបរាប់ ចោទប្រកាន់មកលើក្រុមគ្រូពេទ្យថា មិនបានយកចិត្តទុកដាក់ ដោយទុកឱ្យកូននាងស្លាប់ ព្រោះតែម្តាយកើតជំងឺកូវីដ ១៩ នោះឡើយ គឺក្រុមគ្រួពេទ្យស្វះស្វែងជួយយ៉ាងយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច ដើម្បីកុំឱ្យឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យទដឹងទៀតថា ស្រ្តីមានផ្ទៃពោះគ្រប់ខែម្នាក់ ផ្ទុកវីរុសកូវីដ ១៩ មានឈ្មោះ ថោង ចាន់ទីន អាយុ២៦ឆ្នាំ រស់នៅភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមុនដំបូង នាងបានគ្រប់ខែ រៀបនឹងសម្រាលកូន ព្រោះឈឺពោះបន្តិចម្តងៗ តែក្រោយពីធ្វើតេស្តរកឃើញផ្ទុកមេរោគកូវីដ ១៩ ត្រូវបានបញ្ជូនឱ្យចូលព្យាបាលនៅមណ្ឌលសុខភាពភ្នំស្ពង់ លុះឈឺពោះកាន់តែខ្លាំង រៀបនឹងសម្រាល ដោយទីនោះគ្មានឧបការណ៍ គ្រប់គ្រាន់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១១ និង០០នាទីព្រឹក ដើម្បីធ្វើរោគវិនិច្ឆ័យពិនិត្យមើលផ្ទៃពោះ ឆ្លុះអេកូ ឃើញមានរយ:ពេល៣៨សប្ដាហ៍ ខណ:ម្តាយផ្ទុកជំងឺកូវីដ ១៩ ។ ប្រភពបន្តទៀតថា ក្រោយមកនាងឈឺពោះកាន់តែខ្លាំងឡើងៗ ក៏សំរាល កាលពីថ្ងៃទី២១ ខែតុលា វេលាម៉ោង ៣ និង ៤២នាទីរសៀល ដោយកើតបានកូនប្រុស ទំងន់២.៧គីឡូក្រាម ហើយក្រុមគ្រូពេទ្យផ្នែកកុមារ និងពេទ្យឆ្មប រួមជាមួយគ្រូពេទ្យផ្នែកសង្គ្រោះ សរុបចំនួន ៥ ទៅ ៦នាក់ បានចូលទៅជួយសង្គ្រោះភ្លាមៗទាំងអស់គ្នា ។ លោកប្រធានមន្ទីរពេទ្យបន្ថែមទៀតថា លោកនឹងក្រុមគ្រូពេទ្យខិតខំរិះរកគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះទារកលោកបានទាក់ទងទៅខាងខេត្តសៀមរាបជួយអាយុជីវិតទារកភ្លាមនោះក៏បានបញ្ជូនទៅ តាមប្រធានមន្ទីរពេទ្យ ដោយសារតែទារកខាងលើ បានកើតមកភ្លាម គ្មានចង្វាក់បេះដូង និងគ្មានដង្ហើម ។ហើយក្រុមគ្រូពេទ្យ ក៏បានពន្យល់ណែនាំប្រាប់ដល់ស្រ្តីជាម្តាយថា មានសង្ឃឹមតិចតួចបំផុត ខណ:គ្រូពេទ្យ ក៏បានជួយម៉ាស្សាបេះដូង រហូតដល់មានដង្ហើមឡើងវិញ រួចក៏ប្រញាប់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក៏ស្លាប់នៅទីនោះ ដោយសារតែទារកខាងលើ កើតមក ខ្សោយខ្លាំង៕លោក គឹម សំណាងប្រធានមន្ទីពេទ្យបង្អែកខេត្តប៉ៃលិនបានបន្តទៀតថាការចោតប្រកាន់របស់ស្រ្តីជាម្តាយនោះវាមិនមែនជាការពិតទេពីព្រោះក្រុមគ្រូពេទ្យខិតខំជួយដល់ទារកខ្លាំងណាស់មិនបានរើសអើងដូចការចោទប្រកាន់របស់ស្ត្រីជាម្តាយឡើយ ។ទន្ទឹងនឹងនោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនក៍មានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ទារករូបនេះនឹងសូមចូលរួមរំលែកទុក្ខជាមួយស្ត្រីជាម្តាយនឹងក្រុមគ្រួសាផងដែរ។

អត្ថបទដែលជាប់ទាក់ទង