ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តចុះពិនិត្យសណ្តរស្ទឹងព្រែកត្នោតនឹងអំពាវនាវអោយប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកជំនន់នៅតែបន្តកើនឡើង
ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តចុះពិនិត្យសណ្តរស្ទឹងព្រែកត្នោតនឹងអំពាវនាវអោយប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកជំនន់នៅតែបន្តកើនឡើង
ខេត្តកណ្តាល(សភារាជ)
នៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២១
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានដឹកនាំកម្លាំងមន្រ្តីរាជការក្នុងសាលាខេត្តនឹងអាជ្ញាធរស្រុកចុះពិនិត្យទីតាំងសណ្តរស្ទឹងព្រែកត្នោតក្នុងស្ថានាពកម្ពស់ទឹកជំនន់មានការកើនឡើងគួរឲ្យព្រួយបារម្ភនេះ។ដែលមានទីតាំងស្ថិតនៅភូមិកំពង់ទួល ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសនោះដែលឯកឧត្ដមអភិបាលខេត្តប្រសាសន៍ថាៈការកើននៃទឹកជំនន់យ៉ាងខ្លាំងនេះដោយសារទទួលឥទ្ធិពលទឹកជំនន់ទឹកភ្លៀងផ្នែកខាងលើនៃខេត្តកំពង់ស្ពឺ ដែលធ្លាក់ពីអនុអាងមួយចំនួនធ្លាក់ចូលអាងស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោមតាមតំបន់ផ្ទៃរងទឹកភ្លៀងមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ របស់ខេត្តកណ្តាល មួយចំនួនទៀតផ្ទៃរងទឹកភ្លៀង របស់ខណ្ឌដង្កោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ធ្លាក់ចូលអាងស្ទឹងព្រែកត្នោត បន្តធ្លាក់ចូលតាមប្រព័ន្ធព្រែក ប្រឡាយ បឹងបួរ អូរធម្មជាតិ ធ្លាក់ចូលទន្លេបាសាក់។
ឯកឧត្តម ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការហាមឃាត់ឱ្យបានដាច់ខាត ចំពោះការសាងសង់រំលោភលើព្រែក ប្រឡាយ បឹងបួរ និងអូរធម្មជាតិជាដើម ដែលបណ្ដាលឱ្យស្ទះនៅចរន្តក្នុងការបង្ហូរទឹកពិសេសពិបាកក្នុងការស្ដារឡើងវិញផងដែរ។
ឯកឧត្តមបន្ថែមថា គិតមកដល់ពេលនេះ ស្ថានភាពទឹកនៅតាមសណ្ដស្ទឹងព្រែកត្នោត នៅតែបន្តមានការកើនឡើង នឹងបានធ្វើឱ្យតំបន់មួយចំនួននៅក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ រងការជន់លិច និងនៅតំបន់មួយចំនួន កំពុងរងនូវការគំរាមកំហែងពីទឹកជំនន់នេះផងដែរ។
ដោយមើលឃើញពីស្ថានភាពបែបនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាទឹកជំនន់នេះ ពិសេសសូមថែរក្សាកូនតូចៗ កុំឱ្យពួកគាត់លេងទឹក ជៀសវាងនៅការកើតឡើងជាយថាហេតុផ្សេងៗ។