ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន ២០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកអូរបីជាន់
បន្ទាយមានជ័យ ៖ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌរួច គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ បានសំរុកឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនបញ្ជូនមកខ្មែរវិញជាបន្តបន្ទាប់ ដែលទាំងនេះ ក៏ដោយសារតែកត្តាចាញ់បោកការឃោសនាអូសទាញរបស់មេខ្សល់។ មួយវិញទៀត ខាងសមត្ថិច្ចកម្ពុជា ក៏មានវិធានការរឹតបន្តឹងក្នុងការទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋនេះផងដែរ តែទោះជាយ៉ាងណា ក៏នៅមានការឆកល្វែងផងដែរ ជាមួយគ្នានោះ សមត្ថកិច្ចកម្ពុជា ក៏បានទប់ស្កាត់ប្រជាពលរដ្ឋខ្លួន និងបានធ្វើការអប់រំណែនាំរួចឲ្យគាត់វិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។ ហើយទន្ទឹមនោះដែរ គេក៏សង្កេតឃើញប្រជាជនថៃ ក៏មានបំណងលួចឆ្លងដែនមកធ្វើការនៅកម្ពុជា ហើយក៏ត្រូវថៃ ក៏ដូចជាសមត្ថកិច្ចកម្ពុជា បានទប់ស្កាត់ការឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាលនៃប្រទេសទាំង០២ កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ៖ កាលនៅវេលាម៉ោង ០៣និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនដោយខុសច្បាប់ បន្ទាប់មក ក៏បានផ្តល់ព័ត៌មាននេះទៅសមត្ថកិច្ចថៃ ដើម្បីសហការជួយទប់ស្កាត់។ លុះនៅវេលាម៉ោង ០៤និង១០នាទីល្ងាច នាថ្ងៃដដែល ទាហានឈុតខ្មៅថៃ អនុសេនាធំលេខ១៣.០២ បានទប់ស្កាត់ឃាត់បានប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន ២០នាក់ នៅចំណុចភូមិប៉ាយខៀវ ឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។ បន្ទាប់មកប្រជាពលរដ្ឋទាំងនោះ ត្រូវបានបញ្ជូនទៅឲ្យតម្រួតនៃអធិការដ្ឋានលងណាំសៃ ស្រុអារញ្ញា ដើម្បីមានវិធានការបន្ត។
លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា បើតាមការសាកសួរទៅសមត្ថកិច្ចថៃ ចំពោះប្រជាពលរដ្ឋខ្មែរទាំង ២០នាក់នោះ ត្រូវបានបញ្ជូនមកកម្ពុជា តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅវិញហើយ៕