ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ និងទិញលក់ម៉ូតូមានស្លាកលេខក្លែងក្លាយ
ភ្នំពេញ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភលើទំនុកចិត្ត(ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ និងទិញលក់ម៉ូតូមានស្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ០១នាក់ ឈ្មោះ លី ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២០សេ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) បានលក់ម៉ូតូគ្មានប័ណ្ណសម្គាល់ត្រឹមត្រូវ ឲ្យទៅជនរងគ្រោះឈ្មោះ អាន តូរ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ច បានបន្តថា សម្ភារៈបាត់បង់ គ្មាន, សម្ភារៈបន្សល់ទុក ម៉ូតូ ០១គ្រឿងម៉ាកXR ផលិតឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេ ញ1FZ-3654 មានប័ណ្ណសម្គាល់ និងស្លាកលេខក្លែងក្លាយ និងម៉ូតូ ១១គ្រឿង ដកហូតពីជនសង្ស័យរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្លាកលេខ ១៤សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕