បង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀន ០២នាក់ ដកហូតថ្នាំញៀនមួយចំនួន និងរថយន្តមួយគ្រឿង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ សហការជាមួយនិងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីដោយលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីចំនួន ០២នាក់ ដកហូតបានរថយន្តមួយគ្រឿង និងគ្រឿងញៀនចំនួន ១៦កញ្ចប់ធំ។
ប្រតិបត្តិការ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីទាំង ០២នាក់ខាងលើ ធ្វើឡើងនៅវេលាម៉ោង ២៣:១៥នាទី រំលងអាធ្រាត្រឈានចូលថៃ្ងទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះរបស់ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃិន សារ៉ាត់ នាយករងមន្ទីប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្ថិតក្រោមការសម្របសម្រួលនីតិវិធី ពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះ កម្លាំងចម្រុះរកឃើញម្សៅក្រាមពណ៌ថ្លាសចំនួន ១៦កញ្ចប់ធំ សង្ស័យថា គ្រឿងញៀន និងឧបករណ៍ សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ដកហូត រថយន្តមួយគ្រឿង ម៉ាក FORD EVE REST ស៊េរីឆ្នាំ២០២១ ពណ៌ស មានស្លាកលេខ ភ្នំពេញ 2BP-6979 ។
នគរបាល បានប្រាប់ឱ្យដឹងថា ជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនខាងលើ ត្រូវបានឃាត់ខ្លួន រួមមាន ៖ ទី១- ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី២- ឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយង ស្រុកភ្នំស្រួច។
បច្ចុប្បន្ន កន្លែងកើតហេតុ ត្រូវបានហ៊ុំព័ទ្ធ ដើម្បីបន្តនិតិវិធី ហើយជនសង្ស័យទាំង ០២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៅរាជធានីភ្នំពេញ ដើម្បី ចំណាត់ការបន្ដទៀត ៕