សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្របខណ្ឌរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណបញ្ជាការដ្ឋានកងពលលេខ៧០ (ចោមចៅ)។

ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់នៅក្នុងខណ្ឌចំនួន​ ៦រួមមាន៖ ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ។

ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦នាក់។ ដោយឡែកកម្លាំងកងទ័ពដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួន ៣,៥៧៨នាក់ មាន ១៥២ក្រុមពេទ្យ ស្មើនឹង ១,០៩១នាក់ និងកម្លាំងបម្រើការងារ ២,៤៨៧នាក់។

ក្រៅតែពីភារកិច្ចស្នូលក្នុងការពារបូរណភាពទឹកដីហើយនោះ កងទ័ពតែងបានក្លាយទៅជាកម្លាំងដ៏សំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលក្នុងគ្រាចាំបាច់ និងមានអាសន្នផ្សេងៗ។ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ កងទ័ពក៏បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង