ក្រុមអាជីវករលក់ដូរជុំវិញផ្សារក្រុងបានលុង សុំឲ្យអាជ្ញាធរខេត្ត ជួយអន្តរាគមន៍ជូនពួកគាត់ ចំពោះក្រុមហ៊ុនផ្សារ ហេង ដារ៉ា មិនអនុវត្តន៍ចំពោះការសន្យាជាមួយពួកគាត់

ខេត្តរតនគិរី ៖ ក្រុមអាជីវករ ផ្ទុះការតវ៉ាមួយឡើង នៅមុខសាលាខេត្តរតនគិរី បន្ទាប់ពីក្រុមហ៊ុន ហេង ដារ៉ា របស់លោកឧកញ៉ា សាលាង បានរុះរើ កន្លែងលក់ដូររបស់ពួកគាត់ រៀបចំជាតូប ដោយសន្យាថា រក្សាភាពដើមជូនពួកគាត់វិញ ពោលគឺលក់នៅកន្លែងណា ឲ្យលក់នៅកន្លែងនោះវិញ។
នៅវេលាម៉ោង៤ រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅមុខសាលាខេត្តរតនគិរី ក្រុមអាជីវករលក់ ដូរជុំវិញផ្សារក្រុងបានលុង បាននាំគ្នាទៅសុំការអន្តរាគមន៍ ពីអាជ្ញាធរខេត្ត ឲ្យជួយរកដំណោះស្រាយសមស្របណាមួយជូនពួកគាត់ ចំពោះការសន្យារបស់ក្រុមហ៊ុនផ្សារ ដែលបានរៀបចំជុំវិញផ្សារជាតូប ឲ្យមានសណ្ដាប់ធ្នាប់ ដោយសន្យាជាមួយពួកគាត់ថា អ្នកណាធ្លាប់លក់កន្លែងណា ឲ្យនៅលក់កន្លែងដដែលវិញ។
បើយោងតាមការឲ្យដឹងពីអាជីវករ ដែលមកតវ៉ាមុខសាលាខេត្ត បានឲ្យដឹងថា ពួកគាត់មកនេះ មានគោលបំណងសុំឲ្យអាជ្ញាធរខេត្ត ជួយអន្តរាគមន៍ ចំពោះការសន្យា របស់គណៈកម្មការផ្សារ មុនចុះរុះរើរៀបចំ សង់ជាតូប បានសន្យាថា នឹងរក្សាកន្លែងដែលពួកគាត់លក់ឲ្យនៅដដែល គឺអ្នកណាលក់កន្លែងណា ឲ្យនៅលក់កន្លែងនោះ តែផ្ទុយទៅវិញឲ្យពួកគាត់ចាប់ឆ្នោតយកកន្លែងលក់ទៅវិញ ហើយចំណុចមួយទៀត ដែលពួកគាត់មិនសុខចិត្ត គឺកន្លែងលក់ក្នុងមួយតូប តែ ១ម៉ែត្រ ២តឹកតែប៉ុណ្ណោះ។ គាត់ថា ទំហុំប៉ុណ្ណឹង តើឲ្យគាត់លក់ដូរយ៉ាងម៉េចកើត យ៉ាងហោចណាស់ មួយតូបឲ្យបាន ២មែត្រ ទើបសមរម្យអាចលក់បាន។
ពាក់បញ្ហាខាងលើនេះ លោកឧកញ៉ា សា លាង បានឲ្យដឹងថា កាលដែលលោកឲ្យគេរុះរើ រៀបចំជាតូបឲ្យមានសណ្ដាប់ធ្នាប់នោះ គឺកន្លែងលក់ពួកគាត់បាំងតង់ និងឆាត់ មិនមានសណ្ដាប់ធ្នាប់ទេ។ ពេលនេះ លោករៀបចំមានដំបូលត្រឹមត្រូវ ចែកចេញជាតូប ដែលមានទទឹង ១ម៉ែត្រ ២តឹក បណ្ដោយ ៣ម៉ែត្រ ២តឹក។ លោកបន្តថា បើតូចពិបាកក្នុងការលក់ដូរ អាជិវករម្នាក់ៗ មានសិទ្ធអាចយក ២តូប ទៅ៣តូបបាន អាស្រ័យលើមុខរបរ ក៏ប៉ុន្តែ ក្នុង ១តូប ដែលមានទទឹង ១ម៉ែត្រ ២តឹក ត្រូវបង់ ១ឆ្នាំ ១០០ដុល្លា ចំពោះភាស៊ី និងថ្លៃអនាម័យប្រចាំថ្ងៃ ត្រូវបង់ដដែល។ ម្យ៉ាងវិញ បើនិយាយពីអ្នកលក់កន្លែងណា ត្រូវលក់កន្លែងនោះវិញ មិនអាចបានទេ ត្រូវធ្វើការចាប់ឆ្នោតទើបស្មើភាពគ្នា។
ជុំវិញការសុំអន្តរាគមន៍របស់អាជីវករខាងលើនេះ លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះថា ពួកគាត់សុំអន្តរាគមន៍មិនចាប់ឆ្នោត សុំអ្នកណាលក់កន្លែងណា លក់កន្លែងនោះវិញ លោកថា មិនបានទេ ត្រូវតែចាប់ឆ្នោត។ លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ចំពោះថាទំហុំតូបតូចពេកមិនអាចលក់បាន លោកថា ក្រុមការងារនឹងធ្វើការវិភាក្សា រកដំណោះស្រាយជាមួយអាជីវករ បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង