ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ស្លៀកស្បង់ជីវរក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត្ររៃអង្គាសប្រាក់ប្រជាពលរដ្ឋក្នុងខណ្ឌកំបូល
ភ្នំពេញ ៖ ជនសង្ស័យចំនួន ១៨នាក់ ក្នុងចំណោមនោះមានមួយចំនួនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពខុសច្បាប់បង្កឱ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនា ត្រូវបាននគរបាលខណ្ឌកំបូល បង្ក្រាបចាប់ខ្លួន ខណៈពួកគេស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្ររៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ១៨នាក់ ក្នុងនោះ ១៧នាក់ ជាព្រះសង្ឃក្លែងក្លាយ និង០១នាក់ ជាអ្នកបើករថយន្ត ត្រូវបាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រាប់ឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌកំបូល បានទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថា មានមនុស្សមួយក្រុម បានមកជួលផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មីមួយកន្លែង ក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹក បានស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូលជាយូរមកហើយ។
លោកវរសេនីយ៍ទោ បន្តថា ក្រោយពីទទួលព័ត៌មាននោះ លោកអធិការនគរបាលខណ្ឌកំបូល ក៏បានចាត់កម្លាំងចុះតាមដានស្រាវជ្រាវអំពីសកម្មភាពមុខសញ្ញាជនសង្ស័យ។ នៅថ្ងៃខាងលើ ជនសង្ស័យ ១០នាក់ ក្នុងនោះគ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ ០៩នាក់ និង០១នាក់ទៀត ជាអ្នកបើករថយន្ត ត្រូវបានចាប់ខ្លួន ខណៈកំពុងបើករថយន្តម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះ ពីគោលដៅមួយចំនួន ក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះ កម្លាំងនគរបាលខណ្ឌកំបូល ក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងជាព្រះសង្ឃ ០៨នាក់ទៀត។ ជនសង្ស័យជាសង្ឃក្លែងក្លាយ បន្ទាប់មកត្រូវបានព្រះអនុគុណខណ្ឌកំបូល បានចាប់ផ្សឹកពួកគេហើយ ប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរទៅសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្នុងចំណោមជនសង្ស័យទាំងនេះផងដែរ មាន ០៧នាក់ បានធ្វើតេស្តរកឃើញមានផ្ទុកសារធាតុញៀន ។
លោកអធិការរងប្រាប់ឱ្យដឹងទៀតថា បើតាមចម្លើយសារភាពពីជនសង្ស័យប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់មានឈ្មោះ ម៉េង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ដោយក្នុង០១ថ្ងៃ ពួកគេរៃអង្គាសប្រាក់បានពី ៨ម៉ឺន ទៅ ១០ម៉ឺនរៀល ក្នុងនោះមេខ្យល់ឈ្មោះ ម៉េង តម្រូវបង់ឱ្យគេក្នុង ០១នាក់ ពី ៣ម៉ឺន ទៅ ៣ម៉ឺន៥ពាន់រៀលក្នុង០១ថ្ងៃ នៅសល់ប្រាក់ប៉ុន្មានទៀត គឺពួកខ្លួន យកមកចាត់ចែងចាយវាយ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕