ឃាត់ខ្លួនបានអ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានខ្លះហើយ
ខេត្តមណ្ឌលគិរី៖យោងតាមផេកផ្លូវការរបស់ អ/ហ GRK News បានបង្ហោះថា៖ ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងខេមរភូមិមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ កម្លាំងក្រុមការងាររបស់គណៈកម្មការជាតិ និងតំណាងនគរបាលជាតិ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលបានផ្សំគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច (កម្ពុជា-វៀតណាម) ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម រួមមាន៖ ទី១មានឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២ ទី២ ឈ្មោះ ឡឹក ញែក មេបញ្ជាការរងកងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច ទី៣ ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូច ការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច និងទី៤ឈ្មោះ លាង ភារ័ត្ធ មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច។
បច្ចុប្បន្ននេះ ក្រុមការងាររបស់គណៈកម្មការជាតិបន្តរុករករាប់គល់ឈើដែលបានកាប់បំផ្លាញ និងធ្វើជាវត្ថុតាងស្រាវជ្រាវរកមុខសញ្ញាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួររំលឹកដែរថា បទល្មើសព្រៃឈើនៅតំបន់ព្រំដែនអូរហ៊ុច(កម្ពុជា-វៀតណាម) ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះនាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបបទល្មើសព្រៃឈើនៅតាមខ្សែបន្ទាត់ព្រំដែន ដោយបានធ្វើការចាប់បង្រ្កាបបានឈើសរុប ២០០ដុំ ក្នុងនោះ ឈើប្រភេទស្រឡៅចំនួន១៥០ដុំ និងប្រភេទសុក្រំចំនួន ៥០ ដុំ និងរឹបអូសបានត្រាក់់ទ័រចំនួន ២គ្រឿង និងម៉ូតូកែឆ្នៃ ១គ្រឿង នៅក្នុងតំបន់ព្រំដែនអូរហ៊ុច ។
ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនេះដែរ មហាជនសង្ឃឹមថា ស្ថាប័នជំនាញ កម្លាំងសមត្ថកិច្ច នឹងធ្វើការស្រាជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀតដើម្បីផ្តន្ទទាទោសទៅតាមផ្លូវច្បាប់៕