គំនរឈើជាង​ ៧០ដុំបន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះចុះធ្វើការបង្រ្កាបបាន នៅជិតប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរហ៊ុច

(ខេត្តមណ្ឌលគិរី)៖ ខណ:ប្រតិបត្តិការដ៏ក្ដៅគគុក របស់កម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មព្រៃឈើជាង២០០ដើមនោះ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ មានសេចក្ដីរាយការណ៍បន្ថែមថា កម្លាំងកងរាជអាវុធហត្ថស្រុកនិងខេត្ត កម្លាំងមន្ត្រីអនុរក្សបរិស្ថាន ដែនជម្រក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក និងស្នងការខេត្ត បានសហការជាមួយកម្លាំងចម្រុះ ថ្នាក់ជាតិ បានរកឃើញគំនរឈើបន្ថែមទៀត ៧៥ដុំ នៅជិតស្នាក់ការ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរហ៊ុច ចម្ងាយប្រមាណ៥០០ ម៉ែត្រប៉ុណ្ណោះ។

សូមបញ្ជាក់ថា ប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិខាងលើ កន្លងទៅថ្មីៗនេះ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី លោក មី អាន ស្នងការរង លោក កែវ ចន្តា ស្នងការរង និងលោក ហឿន សុខណា អភិបាលរងស្រុកកែវសីមា ដែលកន្លងទៅក្ដៅៗនេះបានចុះបង្ក្រាប បទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា លទ្ធផល វត្ថុតាង រឹបអូសបានឈើជាង២០០ដើមរួមមាន -ឈើមូលមាន ១៤៧ដើម -ឈើជ្រុងមាន ១០៥ ដុំ -ត្រាក់ទរ័មាន ០២គ្រឿង -រណាយន្តមាន ០១គ្រឿង -ម៉ូតូមាន ០២គ្រឿង -ជុំរុំអាឈើមាន ០៧ខ្នង ។

សេចក្ដីរាយការណ៍កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរហ៊ុច និងមេយោធាការពារព្រំដែនតំបន់អូរហ៊ុច ម្នាក់ៗស្ទើតែព្រលឹងចុងសក់ទៅហើយ.! បន្ទាប់ពីធ្លាយរឿងថាបានបើកដៃ ឲ្យក្រុមឧក្រិដ្ឋជនព្រៃឈើ យ៉ាងអាណាធិបតេយ្យ ខណ:បច្ចុប្បន្ន កម្លាំង សមត្ថកិច្ចចំរុះកំពុងធ្វើការស្រាវជ្រាវ រកជនល្មើស និងអ្នកពាក់ព័ន្ធនៅពីក្រោយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃ(៦៤) ។មហាជនទូទៅនៅខេត្តមណ្ឌលគិរី កំពុងរង់ចាំមើលថាតើអាជ្ញាធរខេត្ត ប្រព័ន្ធតុលាការ សមត្ថកិច្ចជំនាញពាក់ព័ន្ធ អាចស្រាវជ្រាវចាប់បាន
អ្នកប្រព្រឹត្ត និងអ្នកបើកដៃយកមកផ្តន្ទាទោសបានដែរឬទេ? ។

អត្ថបទដែលជាប់ទាក់ទង