មិនធម្មតាទេនៅតំបន់ព្រំដែន(អូរហ៊ុច) ក្នុងស្រុកកែវសីមា នៅតែមានបទល្មើសព្រៃឈើកើតឡើង ដូចពាក្យចាស់ថា បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ
ខេត្តមណ្ឌលគិរី៖បទល្មើសព្រៃឈើនៅតំបន់ព្រំដែន(អូរហ៊ុច)ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅតែមានសកម្មភាពបន្តបន្ទាប់ ទោះបីគណៈកម្មការទប់ស្កាត់ ដើម្បីបង្រ្កាបបទល្មើសធនធានធនធានធម្មជាតិ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងខេមរភូមិមិន្ទ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់បង្រ្កាបយ៉ាងក្តៅគគុកនាពេលកន្លងមកក៏ដោយ ក៏បទល្មើសព្រៃឈើនៅក្នុងតំបន់នេះនៅតែមានសកម្មភាព។
ជាក់ស្តែងនាពេលថ្មីៗ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបបទល្មើសព្រៃឈើនៅតាមខ្សែបន្ទាត់ព្រំដែន ដោយបានធ្វើការចាប់បង្រ្កាបបានឈើសរុប ២០០ដុំ ក្នុងនោះ ឈើប្រភេទស្រឡៅចំនួន១៥០ដុំ និងប្រភេទសុក្រំចំនួន ៥០ ដុំ និងរឹបអូសបានត្រាក់់ទ័រចំនួន ២គ្រឿង និងម៉ូតូកែឆ្នៃ ១គ្រឿង នៅក្នុងតំបន់ព្រំដែនអូរហ៊ុច ។
ករណីចុះបង្រ្កាបបានខាងលើនេះ ជំនាញបានយកវត្ថុតាងមករក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមា ៦៤ និងកំពុងធ្វើការស្រាវជ្រាវរកមុខជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនេះដែរ មហាជនបានលើកឡើងទាំងអស់សំណើចថា សកម្មភាពនេះបើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ គួរតែស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នង ហើយសកម្មភាពបទល្មើសព្រៃឈើនេះប្រហែលជាមានបន្តទៀត ពីព្រោះការបង្រ្កាបលើកនេះ ក្រុមឈ្មួញខាតបង់ច្រើនណាស់៕