កម្លាំងចម្រុះស្រុកខ្សាច់កណ្ដាល ចុះហាមឃាត់ និងធ្វើកិច្ចសន្យា មិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវបន្តការសាងសង់ធ្វើរបងសំណង់រឹងយ៉ាងរំភើយ ដូចជាមិនខ្លាចច្បាប់សោះ
ខេត្តកណ្ដាល ៖ លោក អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុនមហារដ្ឋាត្រេឌីង និងបក្ខពួក ពិតជាសាហាវមែន ហ៊ានគឃ្លើនទៅ គឃ្លើនទៅហើយ។ ដីមេទឹកទំនប់បឹងតាសូ ដែលជាដីរបស់រដ្ឋ ត្រូវបានលោក អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុនត្រេឌីង និងបក្ខពួក បានធ្វើរបងជាសំណង់រឹងហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលមានទទឹង ៨៩ម៉ែត្រ បណ្ដោយ ២២៥ម៉ែត្រ និងមានផ្ទៃសរុប ២០០២៥ម៉ែត្រការ៉េ (ពីរមុឺនម្ភៃប្រាំម៉ែត្រការ៉េ) ហើយដីមេទឹកទំនប់បឹងតាសូ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សូមបញ្ជាក់ថា កន្លងមក ត្រូវបានកម្លាំងចម្រុះរបស់ឃុំ ដឹកនាំដោយលោក ឈឹម ម៉េង មេឃុំព្រែកអំពិល បានចុះទៅហាមឃាត់ឲ្យផ្អាកការសាងសងជាបន្ទាន់ ១ដង ទៅ ២ដង រួចទៅហើយ ប៉ុន្តែ លោក អ៊ុក រដ្ឋា និងបក្ខពួក មិនបានគោរពតាមខាងអាជ្ញាធរឃុំនោះទេ ហ៊ានគឃ្លើនបន្តធ្វើរបងជាសំណង់រឹងហ៊ុំព័ទ្ធយកដដែល។ ហេីយថ្មីៗនេះ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្លាំងចម្រុះស្រុក ដឹកនាំដោយលោក ឃឹម សំភារ អភិបាលរងស្រុក តំណាងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានចុះមកហាមឃាត់ឲ្យផ្អាកធ្វើរបងនេះជាបន្ទាន់ ហើយបានដឹកនាំកិច្ចប្រជុំនៅក្នុងសាលាឃុំព្រែកអំពិល និងបានហៅ លោក អ៊ុក រដ្ឋា ប៉ុន្តែនៅពេលនោះលោក អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុន មិនបានមកទេ ឲ្យតំណាងរបស់លោក ឈ្មោះ បុិច គ្រើន មកជំនួស ក្នុងកិច្ចប្រជុំនោះ។
លោកអភិបាលរងស្រុក បានធ្វើកិច្ចសន្យាហាមឃាត់ ឲ្យផ្អាកការសាងសង់របង ប្រសិនបើថ្ងៃក្រោយនៅតែធ្វើទៀត នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ហេីយខាងអាជ្ញាធរស្រុកខ្សាច់កណ្ដាល នឹងមានចំណាត់ការក្ដៅ ចំពោះអ្នកមិនគោរពនៅកិច្ចសន្យានេះ។ បន្ទាប់មកលោក បុិច គ្រើន តំណាងលោក អ៊ុក រដ្ឋា បានផ្ដិតមេដៃទទួលយកកិច្ចសន្យានោះ នៅមុខអង្គប្រជុំ។
ប៉ុន្តែ មិនទាន់បានប៉ុន្មានថ្ងៃផង លោក អ៊ុក រដ្ឋា និងបក្ខពួក ហ៊ានគឃ្លើន មិនគោរពតាមកិច្ចសន្យារបស់អាជ្ញាធរស្រុកខ្សាច់កណ្ដាលទាល់តែសោះ ហ៊ានគឃ្លើន នៅតែបន្តធ្វើរបងរហូត។
បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល មិនពេញចិត្តនៅទង្វើរបស់លោក អ៊ុក រដ្ឋា និងបក្ខពួក ដែលស្នើសុំច្បាប់ស្ដារបឹងសោះ បែជារំលោភយកដីបឹងមេទឹករបស់រដ្ឋ របស់ពលរដ្ឋនៅចំណុចខាងលើ ធ្វើរបងជាសំណង់រឹងហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា ដីមេទឹកទំនប់តាសូ កាលពីមុនបងប្អូនប្រជាពលរដ្ឋរកនេសាតត្រីបាន ប៉ុន្តែពេលបច្ចុប្បន្ននេះ គេមិនឲ្យនេសាតត្រីបានទេ។
នៅក្នុងរឿងនេះដែរ ពលរដ្ឋ ក៏ដូចខាងមហាជន រងចាំមើលថា តើខាងអាជ្ញាធរស្រុកខ្សាច់កណ្ដាល និងខាងអាជ្ញាធរខេត្តកណ្ដាល មានចំណាត់ការបែបណា? ឬមួយទុក្ខឲ្យបុគ្គលម្នាក់នេះ ធ្វើតាមអំពើចិត្តអញ្ចឹងរហូត ឬមួយដីបឹងមេទឹកទំនប់តាសូ មានប្លង់រឹងហើយមើលទៅ បានពួកគាត់ហ៊ានធ្វើរបងសំណង់រឹងបែបនេះ? ៕