អភិបាលរងស្រុកខ្សាច់កណ្ដាល លោក ឃឹម សំភារ​ ដឹកនាំកម្លាំងចម្រុះ​ ចុះហាមឃាត់​ការធ្វេីរបង​ នៅចំណុចទំនប់បឹងតាសូ​ ដែលជាមេទឹករបស់រដ្ឋ​ មានទំហំជាង​ ០១ហិកតា​ និងហៅតំណាងក្រុមហ៊ុន​ ធ្វើកិច្ចសន្យា​ ហេីយបេីនៅតែលួចធ្វេី​ នឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ លោក ឃឹម សំភារ អភិបាលរងស្រុក តំណាងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ដោយមានចូលរួមពីលោកប្រធានការិយាល័យរ៉ែ និងថាមពល​ ប្រធានការិយាល័យឧតុនិយម ប្រធានការិយាល័យសុរិយោដី ប្រធានការិយាល័យសេដ្ឋកិច្ច កម្លាំងអាវុធហត្ថស្រុក កម្លាំងនគរបាលស្រុក មេឃុំព្រែកអំពិល ក្រុមប្រឹក្សាឃុំ​ កម្លាំងប៉ុស្ដិ៍ព្រែកអំពិល មេភូមិព្រែកក្របៅទី២ និងកម្លាំងប្រជាការពារ បានចុះទៅទប់ស្កាត់ និងធ្វើការហាមឃាត់ការសាងសង់ធ្វើរបងជាសំណង់រឹង​ នៅចំណុចមេទឹកទំនប់បឹងតាសូ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលជាដីមេទឹករបស់រដ្ឋដែលមានទំហំជាង​ ០១ហិកតា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានដាក់បទបញ្ជាឲ្យលោក ឈឹម ម៉េង មេឃុំព្រែកអំពិល ដឹកនាំកម្លាំងជំនាញ​ ចុះទៅហាមឃាត់ម្ដងរួចទៅហើយ ប៉ុន្តែលោក អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុន មហារដ្ឋាត្រេឌីង និងបក្ខពួក នៅតែបន្តធ្វើរហូត ដោយមិនគោរពអាជ្ញាធរឃុំនោះទេ ហ៊ានគឃ្លើនជាមួយនិងច្បាប់ទៀត។

ហើយនៅពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល​ ៥ល្ងាច លោក ឈឹម ម៉េង មេឃុំព្រែកអំពិល បានដឹកនាំក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្ដិ៍ និងកម្លាំងប្រជាការពារ ចុះទៅហាមឃាត់ម្ដងទៀត ប៉ុន្តែការចុះទៅហាមឃាត់ដូចគ្មានប្រសិទ្ធិភាព។

បន្ទាប់មកនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ លោក ឃឹម សំភារ អភិបាលរងស្រុក តំណាងឲ្យលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំកម្លាំងចម្រុះ​ ​ចុះទៅហាមឃាត់មិនឲ្យសាងសង់ធ្វើរបងជាសំណង់រឹងទៀតទេ ហើយបានហៅលោក ពេជ្រ គ្រើន តំណាងលោក អ៊ុក រដ្ឋា​ ប្រធានក្រុមហ៊ុន​ មហារដ្ឋាត្រេឌីង មកធ្វើកិច្ចសន្យានៅក្នុងសាលាឃុំព្រែកអំពិល បើសិនថ្ងៃក្រោយនៅតែប្រព្រឹត្ត​ លួចធ្វើការសាងសង់ធ្វើរបងសំណង់រឹងទៀត រដ្ឋបាលស្រុកខ្សាច់កណ្ដាល នឹងចាត់ការតាមនិតិវិធីច្បាប់ជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង