មេទឹករបស់រដ្ឋជាង ០១ហិកតា នៅចំណុចទំនប់បឹងតាសូរ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ត្រូវបានលោក អ៊ុក រដ្ឋា និងបក្ខពួក ដាំបង្គោលធ្វើរបងព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
កណ្តាល ៖ មេទឹករបស់រដ្ឋជាង ០១ហិកតា នៅចំណុចទំនប់បឹងតាសូរ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានបុគ្គលឈ្មោះ អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុនមហារដ្ឋាត្រេឌីង និងបក្ខពួក កំពុងដាក់ដាំបង្គោលធ្វើរបងព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
តាមការបញ្ជាក់ពីលោក ឈឹម ម៉េង មេឃុំព្រែកអំពិល បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានដាក់បទបញ្ជា មករដ្ឋបាលឃុំព្រែកអំពិល ឲ្យចុះទៅទប់ស្កាត់ និងហាមឃាត់ជាបន្ទាន់។ បន្ទាប់ពីទទួលបានបទបញ្ជានេះ លោក ឈឹម ម៉េង មេឃុំព្រែកអំពិល បានដឹកនាំក្រុមការងារឃុំ កម្លាំងប៉ុស្ដិ៍ កម្លាំងប្រជាការពារ ចុះទៅហាមឃាត់ភ្លាមៗ ផ្អាកមិនឲ្យធ្វើរបង ព្រោះដីមេទឹកជាង ០១ហិកតា នៅចំណុចទំនប់បឹងតាសូរ គឺជាដីមេទឹករបស់រដ្ឋ។
ដោយភាពលោភលន់ខ្លាំងពេក លោក អ៊ុក រដ្ឋា និងបក្ខពួក ហ៊ានគឃ្លើនមិនគោរព និងខ្លាចអាជ្ញាធរឃុំព្រែកអំពិល ក៏ដូចលោក ប៊ុន ផេង អភិបាលស្រុកនោះទេ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ នៅតែបន្តដាំបង្គោលធ្វើរបងព័ទ្ធយកដដែល ពិតជាសាហាវមែន។
ម្យ៉ាងវិញទៀត មេទឹកមួយនេះដែរ សូម្បីបងប្អូនប្រជាពលរដ្ឋបូមទឹកដាក់ស្រែ ពលរដ្ឋរាយមងចាប់ត្រី គ្រាន់បានចិញ្ចឹមឆ្នាំង ក៏មិនឲ្យ និងមិនឲ្យបូមទឹកដាក់ស្រែចំការទៀតងផង។ មេទឹករបស់បងប្អូនប្រជាពលរដ្ឋ មេទឹករបស់រដ្ឋសោះ ហ៊ានរំលោភយកដោយមិនចេះខ្មាស់អៀន។
ជុំវិញរឿងរ៉ាវខាងលើនេះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមហាជនរងចាំមើល ថាតើខាងអាជ្ញាធរឃុំព្រែកអំពិល ជាពិសេសអាជ្ញាធរស្រុកខ្សាច់កណ្ដាល មានចំណាត់ការយ៉ាងណា ចំពោះលោក អ៊ុក រដ្ឋា និងបក្ខពួក ដែលកំពុងរំលោភយកដីមេទឹក ដាក់ដាំបង្គោលធ្វើរបងព័ទ្ធយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ឬ មួយទុក្ខឲ្យបុគ្គលម្នាក់នេះ ធ្វើព្យុះធ្វើភ្លៀង ស្ទើរគ្រប់កន្លែងអញ្ចឹងតែរហូត? ៕