លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សូមពលរដ្ឋរស់នៅ និងធ្វើការតំបន់ណា រក្សានៅតំបន់នោះដដែល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានសំណូមពរដល់បងប្អូនទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។

លោកជំទាវមានប្រសាសន៍បែបនេះ ខណៈលោកជំទាវ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ កាលពីថ្ងៃម្សិលម៉ិញ ដែលស្ថិតក្នុងឃុំត្នោត និងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាថ្ងៃព្រហស្បតិ៍​ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកជំទាវ​ បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ផងដែរ ព្រោះបច្ចុប្បន្ននេះករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០គ.ក្រ,​ មី ១កេស, ត្រីខ ១០កំប៉ុង, អាវយឺត ១, ធុងទឹកជ័រ​ ១, ក្រណាត់កៅស៊ូតង់​ ១, ឆ្នាំងបាយ ឆ្នាំងសម្លរ ២, កន្ទេលជ័របត់​ ១, ថវិកា ៣៥ម៉ឺនរៀល។​ ដោយឡែក​ ក្នុងថ្ងៃនោះផងដែរ លោកជំទាវក៏បានចូលបុណ្យសពដល់គ្រួសារ ដែលមានសមាជិកបានទទួលមរណភាពដោយសាឆក់ខ្សែភ្លើងកាលពីម្សិលម៉ិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង