ស្នងការខេត្តត្បូងឃ្មុំ លោក ប៉ែន រ័ត្ន បញ្ជាកម្លាំង ចុះបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោង នៅឃុំឈូក ស្រុកក្រូចឆ្មា មិនទាន់បាត់ធុំក្លិនផង ប៉ុន្តែមេបនល្បែង ហ៊ានគឃ្លើន បើកលេងឡេីងវិញយ៉ាងរលូន
ខេត្តត្បូងឃ្មុំ ៖ ថ្មីៗនេះ លោក ប៉ែន រ័ត្ន ស្នងការខេត្ត បានដាក់បញ្ជាយ៉ាងមុឺងម៉ាត់ដល់កងកម្លាំងក្រោមឱវាទ ចុះបង្ក្រាបទីតាំងល្បែងសុីសង សង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែង ស្ថិតក្នុងភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ កាលពីថ្មីៗនេះម្ដងរួចហើយ។
ឥឡូវនេះ ការបង្ក្រាបរបស់សមត្ថកិច្ច មិនទាន់បាត់ធុំក្លិនផង មេបនល្បែងសុីសងខាងលើ មិនខ្លាច មិនខ្វល់ និងគឃ្លើនជាមួយនិងសមត្ថកិច្ច ក៏ដូចនិងបទបញ្ជាលោក ប៉ែន រ័ត្ន ស្នងការខេត្ត និងមិនគោរពច្បាប់របស់អគ្គស្នងការនគរបាលជាតិទៀតផង ប្រហែលមេបនល្បែងខាងលើមួយនេះ មានលុយ មានអំណាច និងខ្នងក្រាស់នៅពីក្រោយហើយ បានហ៊ានបើកលេងយ៉ាងរលូនបែបនេះ។
ហើយបច្ចុប្បន្ននេះ មេបនល្បែង និងបក្សពួក បានកៀងគរក្រុមអ្នកញៀនល្បែង មកលេងផ្លាស់កន្លែងថ្មីជាញឹកញាប់ មកបើកលេងក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិស្រះដដែល ក្នុងឃុំឈូក ស្រុកក្រូចឆ្មា។
ពលរដ្ឋជឿជាក់យ៉ាងមុតមាំទៅលើ លោក ប៉ែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ ក៏ដូចនិងបទបញ្ជាយ៉ាងមុឺងម៉ាត់ ត្រូវតែបង្ក្រាបទីតាំងល្បែងសុីសងទូទៅ ដែលកើតមាននៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ឲ្យខានតែបាន ជាពិសេសទីតាំងល្បែងសុីសងខាងលើ ៕