រដ្ឋសភា នឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៧
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំបានសម្រេចអនុម័ត កំណត់យក ថ្ងៃទី២៥ ខែវិច្ឆិកា បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលនឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស។ ក្នុងនោះសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ដែលជាច្បាប់មួយដ៏សំខាន់ ក៏នឹងត្រូវដាក់បញ្ជូលក្នុងរបៀបវារៈខាងមុខនេះផងដែរ។
សេចក្តីព្រាងច្បាប់ទាំង ៧ នោះមាន ៖
១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
-ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។
-ពីធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជួនតាមអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
៤-សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។
៥-សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
៦-សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
៧-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ៕