ឯកឧត្តម គង់ សោភ័ណ្ឌ នាំយកអំណោយមនុស្សធម៌ប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់សមាគមន៍ស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ដែលពិធីនេះ ប្រារព្ធធ្វើឡើង នៅវត្តរស្មីសោភ័ណរាម ហៅវត្តសន្លុង ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អំណោយដែលបានប្រគល់ជូនដល់សមាគម នាពិធីនេះមាន៖ អង្ករ ២.០០០គីឡូក្រាម មី ៣០កេស ត្រីខកំប៉ុង ៣កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ សាប៊ូ ២កេស ទឹកបរិសុទ្ធ ២០ដបធំ អាល់កុល ៣០លីត្រ ម៉ាស់ ៥០០បន្ទះ ថវិកាឧបត្ថម្ភសមាគមចំនួន ៣លានរៀល ក្នុងនោះថវិកា លោកឧកញ៉ា គិត ចាន់ថា ជួយឧបត្ថម្ភ ១លានរៀល និងឧបត្ថម្ភកុមារចំនួន ៤៦នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភលោកគ្រូ អ្នកគ្រូចំនួន ១០នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល។
សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ បានបង្កើតឡើងកាលពីឆ្នាំ២០១៦ និងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅក្រសួងមហាផ្ទៃ គិតមកដល់ឆ្នាំ២០២០ នេះសមាគមបានចិញ្ចឹម អប់រំ ថែទាំកុមារកំព្រាគ្មានទីពឹងសរុប ៤៦នាក់ និងឧបត្ថម្ភទ្រទ្រង់ជីវភាពលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន ១០នាក់ កុមារទាំងនេះភាគច្រើនមកពីខេត្តផ្សេងៗគ្នា ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពង់ធំ ព្រៃវែង ក្រចេះ កំពង់ចាម ពោធិសាត់ និងក្រុងព្រះសីហនុ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គង់សោភ័ណ្ឌ ក៏បានប្រគេនព្រះគ្រូចៅអធិការវត្ត នូវអង្ករ ៥០០គីឡូក្រាម មី ៤កេសតូច ត្រីខកំប៉ុង ៤យួរ ទឹកបរិសុទ្ធ ៤កេស និងបច្ច័យចំនួន ៤០ម៉ឺនរៀលផងដែរ ៕