អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កំណត់ព្រំប្រទល់ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនអោយបានច្បាស់លាស់
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញអោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កំណត់ព្រំប្រទល់ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនអោយបានច្បាស់លាស់ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ នូវសមិទ្ធផលថ្មីៗថែមទៀត។ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញបែបនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុក ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថា កន្លងមកនេះ រដ្ឋបាលមូលដ្ឋានមួយចំនួន នៅពុំទាន់មានភាពច្បាស់លាស់លើកិច្ចការងារព្រំប្រទល់ដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយនោះទេ ដូចជាព្រំប្រទល់ ភូមិ ឃុំសង្កាត់ និង ស្រុក ក្រុង ដែលធ្វើឲ្យជួបការលំបាកក្នុងគ្រប់គ្រង និង ការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាននានា និងពេលខ្លះបង្កបញ្ហាទំនាស់ព្រំប្រទល់ពីភាពមិនច្បាស់លាស់នេះផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានជម្រុញបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តឲ្យបាននូវលិខិតជំរាបជូនរបស់ក្រសួងមហាផ្ទៃ ក្នុងការកណត់ព្រំប្រទល់ ដើម្បីជាមូលដ្ឋាន ក្នុងការស្រង់ទិន្ន័យមួយច្បាស់លាស់របស់ខ្លួនដោយផ្អែកតាមកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត ស្របតាមគោលការណ៍ និងនីតិវិធីរួម សម្រាប់កាសិកស្សាស្រាវជ្រាវ កែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូលជាធំ៕