វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដើម្បីចង់ដឹងអំពីកង្វល់ និងសំណូមពរនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ៍២កេីត ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ វិច្ឆិកា ២០២០នេះ ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តម ហ៊ូ វតន: សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅវត្តព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីចង់ដឹងអំពីកង្វល់ និងសំណូមពរនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យអាជ្ញាធរដោះស្រាយបានទាន់ពេលវេលាប្រកបដោយតម្លាភាព និងមានគណនេយ្យភាពត្រឹមត្រូវ។
នៅក្នុងវេទិការនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត អភិបាលក្រុង ប្រធាន អនុប្រធានទីចាត់ការ អង្គភាពនានា ចំណុះសាលាខេត្ត មន្រ្តីសាលាក្រុង កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋជាច្រេីនរូបទៀត។
ឯកឧត្តម ហ៊ូ វតនៈ បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវលោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូល ដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម សេង សីលា បានមានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សាតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។
សូមជម្រាបជូនថា អង្គវេទិការនេះ បានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា ៖
– ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
-ការងារអភិវឌ្ឍន៍មូលដ្ឋាន, ការផ្ដល់សេវាសាធារណ, ការរៀបចំសណ្តាប់ធ្នាប់សាធារណ និងសំណង់
-ការធ្វើអត្តសញ្ញាណប័ណ្ណ, ទំនាស់ដីធ្លី, ការចុះសំបុត្រអត្រានុកូលដ្ឋាន
-សុខភាពអនាម័យ, បរិស្ថាន, ការបោះបង់ការសិក្សា, សេវាសុខាភិបាល, ព្រៃឈើសហគមន៍, អគ្គសនី និងការសាងសង់សំណង់ផ្សេងៗ ជាដេីម៕