អភិបាលខេត្តស្វាយរៀង ចុះចែកស្រូវពូជ ជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥០គ្រួសារ នៅស្រុកកំពង់រោទិ៍
ស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍៥រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកស្រូវពូជជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥០គ្រួសារ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងមួយគ្រួសារទទួលបានពូជស្រូវស្រាលក្រអូបមិនប្រកាន់រដូវចំនួន ១០០គីឡូក្រាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរពាក់ព័ន្ធ និងប្រជាកសិករជាច្រើនរូបទៀត។
មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្តែងការសោកស្តាយចំពោះការបាត់បង់ ខូចខាតផលដំណាំ សត្វពាហនៈ ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក ជាពិសេសនៅភូមិធ្លកថ្មី ស្រុកកំពង់រោទិ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត និងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលពេលនេះ ឯកឧត្តម បាននាំយកពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកចែកជូនបងប្អូនប្រជាពលរដ្ឋស្រុកកំពង់រោទិ៍នៅថ្ងៃនេះ។
ឯកឧត្តមក៏បានសំណូមពរ និងជំរុញដល់ប្រជាកសិករដែលទទួលបានស្រូវពូជនៅថ្ងៃនេះ ត្រូវយកទៅប្រេីប្រាស់បង្ករ បង្កើនផលអោយចំទិសដៅ ដេីម្បីជាទុនក្នុងរបរកសិកម្មតទៅមុខទៀត ទន្ទឹមនេះ ត្រូវការពារជានិច្ចនូវបញ្ហាជំងឺកូវីដ១៩ ដោយស្តាប់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវរួមគ្នាគោរពច្បាប់ចរណ៍ផ្លូវគោក និងអប់រំណែនាំកូនចៅជៀសអោយឆ្ងាយពីបញ្ហាគ្រឿងញៀន។
បន្ទាប់ពីចែកស្រូវពូជដល់ប្រជាកសិករ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូអមដំណេីរបានអញ្ជេីញចុះពិនិត្យមេីលការព្រោះស្រូវដោយប្រេីម៉ាស៉ីនព្រោះស្រូវផងដែរ ៕