មេបញ្ជាការកងពលតូចលេខ៧០ ដាក់បទបញ្ជាឱ្យកងទ័ពទាំងអស់ រួមជាមួយជំនាញកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពល ត្រូវត្រៀមខ្លួនចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ដោយអនុវត្តន៍តាមបទបញ្ជារបស់ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ រួមទាំងជំនាញកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពល ត្រូវចុះបេសកកម្មយកសម្ភារសង្រ្គោះ ទៅជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដោយក្នុងនោះ កងកម្លាំងត្រូវបានបំពាក់ដោយឧបករណ៍សម្ភារបច្ចេកទេសរបស់កងទ័ពទាំងអស់។
សូមជម្រាបជូនថា កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ បានចេញប្រតិបត្តិការអន្តរាគមន៍និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រស់នៅក្បែរតាមបណ្តោយស្ទឹងព្រែកត្នោត ក្រោយពីមានការជូនដំណឹងកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ អំពីស្ថានភាពកម្ពស់ទឹកកើនឡើង ដោយរដ្ឋបាលសាលារាជធានីភ្នំពេញ ដែរបញ្ជាក់ថា ទំនប់សណ្តរស្ទឹងព្រែកត្នោត បាននឹងកំពុងប្រឈមការបាក់ដោយសារជំនន់ទឹកភ្លៀងនៅតាមស្ទឹងព្រែកត្នោតហើយបើសិនមានការបាក់ធ្លាយនោះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាមសង្កាត់មួយចំនួនរបស់ខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ៕