អគ្គនាយកអគ្គិសនីកម្ពុជា និងអភិបាលខេត្តព្រះសីហនុ ដឹកនាំប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និង ២៣០គីឡូវ៉ុល
ព្រះសីហនុ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោចខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២០២០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ក្នុងក្រុងព្រះស៊ីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីជាអភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា រាជរដ្ឋាភិបាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលសហការពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន ។ រាជរដ្ឋាភិបាលបានកំណត់អាទិភាពក្នុងការអភិវឌ្ឍន៍ប្រទេសគឺកត្តាធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជាការឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍជុំរុញកំណើនសេដ្ឋកិច្ចជាតិ ម្យ៉ាងទៀតអគ្គិសនី ក៏បានចូលរួមក្នុងការប្រកួតប្រជែងកំណើនសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ៩០ភាគរយ មានអគ្គិសនីប្រើប្រាស់។ ខេត្តព្រះសីហនុ មានមោទនភាពជាខេត្តផលិតអគ្គិសនីចែកចាយទៅបណ្ដាញមេរបស់អគ្គិសនីកម្ពុជា និងបញ្ជូនទៅកាន់បណ្តាខេត្តមួយចំនួន។ បច្ចុប្បន្នខេត្តព្រះសីហនុ មានតម្រូវការប្រើប្រាស់អគ្គិសនីប្រមាណជាង ១០០មេហ្កាវ៉ាត់ តែខេត្តព្រះសីហនុ តែខេត្តផលិតផលថាមពលអគ្គិសនីបាន ១,០០០មេហ្កាវ៉ាត់ ភ្លើងដែលនៅសល់ត្រូវបញ្ជូនតាមបណ្តាញខ្សែមេទៅខ្សែបណ្តាញខ្សែជាតិ ទោះបីការអភិវឌ្ឍន៍ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានផលប៉ះពាល់ដល់អគ្គិសនី យើងបានរួមគ្នាដោះស្រាយប្រកបដោយតម្លាភាព និងទាន់ពេលវេលា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបើកកិច្ចប្រជុំថាការអភិវឌ្ឍន៍អគ្គិសនីធ្វើឱ្យភ្លើងចុះថ្លៃនៅទូទាំងប្រទេស។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគារធំៗយ៉ាងគំហុកបរិមាណការប្រើប្រាស់អគ្គិសនីមានការកើនឡើង ចំណុចសំខាន់យើងត្រូវធ្វើការដោះស្រាយអគ្គិសនីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកវិនិយោគ។ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរខេត្ត ជួយសម្របសម្រួលក្នុងការតបណ្តាញគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និង២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះសីហនុ ដើម្បីធានាថាប្រជាជន និងក្រុមហ៊ុនវិនិយោគក្នុងខេត្តព្រះសីហនុ មានភ្លើងប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវកានៅពេលខាងមុខ ៕