សមត្ថកិច្ចខណ្ឌមានជ័យ គ្មានចំណាត់ការ ចំពោះសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២
ភ្នំពេញ ៖ សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែង លេងក្នុងដីឡូត៍ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបេីកលេងយ៉ាងរំភេីយ ដោយមិនខ្លាចញញេីតសមត្ថកិច្ចបន្តិចសោះឡេីយ។
តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខាងលេី បានបេីកលេងជាយូរណាស់មកហេីយ ហេីយកន្លងមក ពួកគេឃេីញមានសមត្ថកិច្ច ចុះបង្ក្រាបម្តងហេីយដែរ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក៏បានបេីកលេងវិញ និងមានមនុស្សចូលលេងកាន់តែច្រេីនជាងមុន។
ប្រភព បានបន្តឲ្យដឹងទៀតថា ទីតាំងខាងលេី អ្នកចូលលេង មានទាំងក្មេងទាំងចាស់រាប់សិបនាក់ ហេីយភ្នាល់ដាក់លុយរាប់រយរាប់ពាន់ដុល្លារឯណោះ ស្រែកហ៊ោកញ្ច្រៀវលាន់រំពងពេញភូមិ រំខានដល់ការរស់នៅពួកគាត់ ហេីយពេលខ្លះ ឈ្លោះប្រកែកគ្នាខ្លាំងៗ ធ្វេីឲ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ពួកគាត់ មានការព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាព គឺខ្លាចកើតមានអំពើ ចោរកម្ម លួចឆក់ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ដែលបានកើតចេញពីប្រភពបនល្បែងនេះឯង។
ចំពោះទីតាំងជល់មាន់ និងអាប៉ោងខាងលេី ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ត្រូវរ៉ូវគ្នា ឬក៏បានទទួលលាភសក្ការៈអ្វីមួយ ពីម្ចាស់សង្វៀនខាងលេីនោះហេីយមេីលទៅ ទេីបមិនហ៊ានចុះបង្ក្រាបបែបនេះ។
ចំពោះសង្វៀនជល់មាន់ និងអាប៉ោងខាងលេី ដែលពួកអ្នកញៀនល្បែងកំពុងបេីកលេងយ៉ាងសប្បាយនេះដែរ សូមម្ចាស់ទីតាំងដីឡូត៍ខាងលេី មេត្តាមានការប្រុងប្រយ័ត្នផង ព្រោះអាចមាននូវបញ្ហាផ្សេងៗ ចំពោះផ្លូវច្បាប់ ដែលមានទីតាំងលេងល្បែងខុសច្បាប់ នៅលេីទីតាំងដីឡូត៍របស់ខ្លួន។
ករណីខាងលេីនេះដែរ ពលរដ្ឋនៅក្នុងមូលដ្ឋាន បានលេីកឡេីងថា ចំពោះសង្វៀនជល់មាន់ និងអាប៉ោងខាងលេី ពួកគាត់គ្មានជំនឿលើសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចខណ្ឌមានជ័យ ក្នុងការចុះបង្ក្រាបសង្វៀនជល់មាន់ដុះស្លែមួយដ៏ធំនេះទេ គឺមានតែសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេត ស្នងការរាជធានីភ្នំពេញ មេត្តាដាក់កម្លាំងជំនាញ ចុះត្រួតពិនិត្យមន្ត្រីក្រោមឱវាទ និងចុះបង្ក្រាបសង្វៀនជល់មាន់ដុះស្លែរមួយនេះផង ៕