រកឃេីញគ្រឿងក្នុងជ្រូកមានសារធាតុគីមី ២០កេស ស្មេីនិង ០១តោន នៅក្នុងរោងស្តុកទុកឥវ៉ាន់មួយកន្លែង ក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០ កម្លាំងផែ្នកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះធ្វើការឆែកឆេររោងស្តុកទុកឥវ៉ាន់មួយកន្លែង រកឃើញគ្រឿងក្នុងជ្រូក ២០កេស ស្មើនិង ០១តោន ក្នុងរោងបាំងស័ង្កសីជិត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងក្នុងជ្រូកនេះ គឺអនុវត្តតាមបទបញ្ជាករបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនម្ចាស់ស្តង់មានឈ្មោះ អ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើត រស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមកស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអធិការ បានបញ្ជាក់ឲ្យដឹងទៀតថា គ្រឿងក្នុងជ្រូកស្តុកនៅក្នុងទីតាំងរបស់ឈ្មោះ អ៊ុល ក្លឹង នោះ សមត្ថកិច្ច បានឆែកឆេររកឃើញអណ្តាត ត្រចៀក ពោះ បេះដូង ប្រអប់ជើងជ្រូកសរុបមានចំនួន ២០កេស ស្មើ ០១តោន សុទ្ធសឹងជារបស់មានជាតិគីមីទាំងអស់ ដែលទំនិញទាំងអស់ បង្កឲ្យប៉ះពាល់សុខភាពអ្នកទទួលទានយ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្ន វត្ថុតាងគ្រឿងក្នុងជ្រូកទាំងអស់ និងម្ចាស់ស្តង់ ក្រោយពីធ្វើកំណត់ហេតុ រួចខាងការិយាល័យជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕