បង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អ្នកលេងរត់គេចខ្លួនបាត់អស់ ដកហូតឡាន ១០គ្រឿង, ម៉ូតូ ១៣គ្រឿង និងសម្ភារៈមួយចំនួន
ព្រះវិហារ ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣:២០នាទី ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំការិយាល័យជំនាញ បង្ក្រាបកន្លែងលួចបើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចចំការស្វាយ ស្តិតក្នុងភូមិសាស្ត្រភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ច បានឲ្យដឹងថា នៅពេលចុះទៅដល់ មុខសញ្ញា បានរត់គេចខ្លួន ហើយបានដកហូតសម្ភារៈ វត្ថុតាងរួមមាន ៖ មាន់ ចំនួន ០៦ក្បាល, ឡាន ១០គ្រឿង, ម៉ូតូ ១៣គ្រឿង និងសម្ភារបម្រើល្បែងមួយចំនួនទៀត។
ករណីនេះ សមត្ថកិច្ចជំនាញ កំពុងរៀបចំសំណុំរឿងតាមនីតិវិធី និងរាយការណ៍ជូនព្រះរាជអាជ្ញាសុំការសំរេច ៕