សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ ដោយមានការចូលរួមពីរ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក សមាជិកា គ.ស.ច.គ អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធមួយចំនួន ព្រមទាំងភាគីជាច្រើនរូបទៀត។
បើតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន ៨១៦នាក់ និងរបួសចំនួន ២.៤៤៩នាក់ (របួសធ្ងន់ ១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។
របាយការណ៍ដដែល រៀបរាប់ថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពី បើកបរលើសល្បឿនកំណត់ ៣៣% មិនគោរពសិទ្ធិ ២៣% មិនប្រកាន់ស្គាំ ១៤% វ៉ាជែង ១០% បត់ ១០% ស្រវឹង ៦% កត្តាយានយន្ត ៤% និងងងុយ ១%។
បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន ៥៥២លើក ស្មើ ២៥% (១.៦១៩/២.១៧១លើក) ស្លាប់ថយចំនួន ១៧២នាក់ ស្មើ ១៧% (៨៦១/១.០៣៣នាក់) និងរបួសថយ ៧៧៨នាក់ ស្មើ ២៤% (២.៤៤៩/៣.២២៧នាក់)។
ជាងនេះទៅទៀត របាយការណ៍ លើកឡើងថា ប្រតិបត្តិការពិនិត្យអនុវត្តច្បាប់ ប្រចាំឆមាទី១ ឆ្នាំ២០២០ ទទួលលទ្ធផល ដូចជា ៖ បានត្រួតពិនិត្យយានយន្ដសរុបចំនួន ៩៨៧.០០៣គ្រឿង ក្នុងនោះម៉ូតូចំនួន ៦១% ហើយបានរកឃើញយានយន្ដល្មើស និងពិន័យចំនួន ២៣៤.១១៤គ្រឿង ស្មើនឹង ២៤% ក្នុងនោះម៉ូតូចំនួន ៦៥%។
ដោយឡែកការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៦ អនក្រ.បក រយៈពេល២ខែ(ឧសភា-មិថុនា) បានចពិន័យសរុបចំនួន ៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន ៦១.០២២នាក់ ស្មើ ៧៣% និងរថយន្ដចំនួន ២២.៣៦៤ករណី ស្មើ ២៧%។
អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន ១២.៥០១.១៨៥.០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន ២០%៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា