សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៦៧គ្រួសារ
ស្វាយរៀង ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ចំនួន ៦៧ខ្នង ក្នុងនោះខូចខាតទាំងស្រុង ៤ខ្នង មធ្យម ២៨ខ្នង និងខូចខាតស្រាល ៣៥ខ្នង ចំនួន ៦ឃុំ ក្នុងស្រុករមាសហែក ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដែលជានិច្ចកាលលោក តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ហើយសូមសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងដែលបង្កដោយគ្រោះធម្មជាតិ ដែលមិននឹកស្មានដល់ ទន្ទឹមនេះ លោកស្រីក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារៈ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា។
អំណោយដែលបានចែកជូនទាំង ៦៧គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៤គ្រួសារ ទទួលបាន អង្ករ ៣០គក្រ, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ធុងទឹកជ័រ ១, ឆ្នាំងបាយ-សម្ល ២, ក្រណាត់កៅស៊ូតង់ ១, កន្ទេលបត់ ១, អាវយឺត ២, ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០រៀល។ គ្រួសាររងគ្រោះមធ្យម ២៨គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គក្រ, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, កន្ទេលបត់ ១, អាវយឺត ២, ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០រៀល និងសម្រាប់គ្រួសាររងគ្រោះស្រាល ៣៥គ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល សម្រាប់ទិញសម្ភារៈជួសជុលផ្ទះឡើងវិញ ៕