ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន គ្រោងកំណត់យកការរៀបចំបុណ្យសមុទ្រឆ្នាំ២០២០នេះ ផ្សព្វផ្សាយប្រាប់អន្តរជាតិថា​ កម្ពុជា​ ជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងគុណភាពសេវាកម្មប្រសើរជាងមុន

ព្រះសីហនុ ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមិថុនានេះ បានដឹកនាំមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ​ បើកកិច្ចប្រជុំមួយនៅសាលាខេត្តព្រះសីហនុ និងបន្តចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងមួយចំនួន ដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា «ក្នុងករណីដែលសភាពការណ៍កូវីដ​ បានធូរស្រាល ហើយរាជរដ្ឋាភិបាលអនុញ្ញាត ក្រសួងទេសចរណ៍​ គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០នេះ ជាយុទ្ធនាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធានាបានសុវត្ថិភាពទេសចរណ៍ ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិថា កម្ពុជា​ នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានគុណភាពសេវាកម្មទេសចរណ៍ល្អប្រសើជាងមុន»។

ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍន៍តំបន់ឆ្នេរ គ.អ.ឆ.ក លោករដ្ឋមន្ត្រី​ បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ និងបានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឱ្យបាននូវបង្គន់អនាម័យសាធារណៈឱ្យបានច្រើនកន្លែង និងមានស្ដង់ដាត្រឹមត្រូវ ដើម្បីដាក់បម្រើជូនភ្ញៀវទេសចរ​ ដែលមកទស្សនានៅខេត្តព្រះសីហនុនេះ។

ឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានបន្តណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំកែលម្អឡើងវិញ​ នូវបញ្ជរព័ត៌មានទេសចរណ៍ ដើម្បីផ្ដល់ភាពងាយស្រួយដល់ទេសចរ ក្នុងការទទួលបានព័ត៌មានទេសចរណ៍នៅក្នុងខេត្ត ឬនៅតាមគោលដៅទេសចរណ៍នានា ពិសេសត្រូវរៀបចំឱ្យមានសៀវភៅបង្ហាញផ្លូវទេសចរណ៍ (Book Guide) និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ក្រៅពីនេះ លោករដ្ឋមន្ត្រីបានលើកឡើងអំពីការបន្តបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍បន្ថែម អំពីភាពទាក់ទាញនានា​ ដែលបាននឹងកំពុងកើតឡើងថ្មីៗនេះ ដូចជាចំណេះដឹងពាក់ព័ន្ធនឹងមហាវិថី និងវិថីមួយចំនួនដែលរាជរដ្ឋាភិបាល​ បាននឹងកំពុងកសាងជិតរួចរាល់នេះ ពីព្រោះឃើញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការចាប់អារម្មណ៍ច្រើន។ ម្យ៉ាងវិញទៀត ត្រូវបើកការបណ្ដុះបណ្ដាលដល់បុគ្គលនិយោជិតក្នុងវិស័យទេសចរណ៍ ដែលបាត់បង់ការងារក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ដើម្បីឱ្យពួកគេមានជំនាញកាន់តែល្អជាងមុន សំដៅត្រៀមទទួលវត្តមានភ្ញៀវទេសចរ​ ដែលនឹងត្រលប់មកទស្សនាខេត្តព្រះសីហនុវិញ ក្រោយពេលចប់វិបត្តិកូវីដ-១៩។

ឯកឧត្ដមរដ្ឋមន្ត្រី​ បានបន្តថា នៅក្រុងព្រះសីហនុ ការរៀបចំទីក្រុងទំនើប​ បាននឹងកំពុងធ្វើប្រកបដោយភាពទាក់ទាញប្លែកភ្នែក រីឯប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក៏ជិតបង្ហើយការរៀបចំដែរ ប៉ុន្តែគុណភាពសេវាកម្មទេសចរណ៍ និងការរៀបចំកែលម្អរមណីយដ្ឋាន ឆ្នេរសមុទ្រ ក៏ត្រូវបន្តការរៀបចំឱ្យល្អប្រសើរផងដែរ ដើម្បីត្រៀមឱ្យបានរួចស្រេច​ នៅពេលកំណើនភ្ញៀវទេសចរងើបឡើងវិញ ពិសេសនៅពេលភ្ញៀវទេសចរក្នុងស្រុក​ កំពុងមានសកម្មភាពងើបឡើងវិញ បូករួមនិងការដាក់ឱ្យអនុវត្តក្រមប្រតិបត្តិ និងវិធានសុវត្ថិភាពទេសចរណ៍ថ្មី (New Normal) ដែលមាននៅក្នុងសេវាកម្មទេសចរណ៍នានា។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្ត គួច ចំរើន ក៏បានណែនាំទៅកាន់មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ​ ត្រូវចូលរួមសហការអនុវត្តកិច្ចការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ខាងមុខនេះឱ្យបានសស្រាក់សស្រាំ ពិសេសមន្ទីររ៉ែ និងថាមពល​ ត្រូវពន្លឿនលើការងារតបណ្ដាញអគ្គិសនីនៅតាមផ្លូវថ្មីៗ។ ចំណែកមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពន្លឿនការតបណ្ដាញទឹកស្អាតនៅតាមតំបន់ផ្សេងទៀតផងដែរ ពិសេស​ គឺទៅដល់ទីតាំងដែលត្រៀមប្រារព្ធពិធីឱ្យបានកាន់តែឆាប់។

ក្រោយចប់កិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីររួមទាំងមន្ត្រីរាជការមួយចំនួន​ ក៏បានបន្តចុះត្រួតពិនិត្យនៅតាមផ្លូវ ឆ្នេរ និងចុះកំណត់ទីតាំងត្រៀមប្រារព្ធពិធីបុណ្យសមុទ្រផងដែរ ក្នុងនោះមានពីរទីតាំង​ ដែលស្ថិតក្នុងការពិចារណា គឺនៅបរិវេណរង្វង់មូលព្រះថោងនាងនាគ និងមួយទីតាំងទៀតនៅឆ្នេរពយជំទាវម៉ៅ ដែលនៅជិតដើមឈើចាំស្នេហ៍​ ៕

អត្ថបទដែលជាប់ទាក់ទង