ឯកឧត្តម អភិបាលខេត្ត សម្ពោធដាក់ឱ្យដំណើរការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកប្រាសាទបាគង
ខេត្តសៀមរាប ៖ ដើមី្បលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ និងការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នាឱកាសនោះដែរឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ថ្ងៃនេះយើងបានទទួលសមិទ្ធិផលថ្មី នូវការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុកប្រាសាទបាគង គឺធ្វើទៅតាមការផ្ទេរអំណាចរបស់អន្តរក្រសួង ដើមី្បបម្រើនូវសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានរហ័ស។ ដូច្នេះការិយាល័យច្រកចេញចូលតែមួយនេះ ជាការលើកកម្ពស់គោលការអភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាល ដោយពង្រីកវិសាលភាពសេវាកម្មទាំងអស់ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូន អតិថិជននៅកន្លែងតែមួយ និងកែលម្អការផ្តល់សេវាសាធារណៈ ក្នុងការកាត់បន្ថយអំពើពុករលួយ និងបង្កើននូវការជឿទុកចិត្តពីប្រជាពលរដ្ឋលើប្រព័ន្ធរដ្ឋបាល និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើមី្បកែលម្អការ អនុវត្តលើប្រព័ន្ធរដ្ឋបាល ក្នុងការបង្ខិតរដ្ឋបាលឲ្យនៅកៀកជិតប្រជាពលរដ្ឋ និងបង្កភាពងាយស្រួល ក្នុងការផ្តល់សេវាប្រជាពលរដ្ឋឲ្យឆាប់ រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បានលើកនូវអនុសាសន៍ៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះដល់អាជ្ញាធរស្រុក មន្ត្រីរាជការដែលចំណុះឲ្យរដ្ឋបាលស្រុកប្រាសាទបាគងទាំងអស់ ត្រូវប្រកាន់ភ្ជាប់នៅភាពទៀងត្រង់ អព្យាក្រិតភាព តម្លាភាព ស្មើភាពគ្នា កត្តាសំខាន់នោះ គឺត្រូវតែប្រកបទៅដោយវិជ្ជាជីវៈទៅតាមចំណេះជំនាញរបស់ខ្លួន ដោយមិនត្រូវប្រកាន់យកនៅឥរិយាបទដែលមិនល្អ ក្នុងពេលដែលកំពុងតែអនុវត្តតួនាទី ឬ បំពេញការងារ ក្នុងការបម្រើសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនត្រូវប្រើប្រាស់សម្តីមិនសមរម្យ ពេលពួកគាត់មករកសេវាសាធារណៈរបស់យើង និងមិនត្រូវយកការបម្រើសេវាធារណៈរបស់រដ្ឋនេះ ធ្វើអាជីវកម្ម ជាតម្លៃជើងសារ សម្រាប់រត់ការឯកសារណាមួយដែលប្រជាពលរដ្ឋយើងត្រូវការចាំបាច់ ព្រោះវាជាទង្វើមួយដែលខុសនិងច្បាប់ ។ ម៉្យាងទៀត ក្នុងនាមជាមន្ត្រីបម្រើការងារក្នុងវិស័យសាធារណៈរបស់រដ្ឋ គឺត្រូវអនុវត្តទៅតាមច្បាប់ក្បួនប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ ហើយមានការគោរព និងឲ្យតម្លៃចំពោះគ្នា គោរពតួនាទី ពេលវេលា ហើយខិតខំបំពេញការងារ ក្នុងការបម្រើសេវា តម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានល្អ ៕