ស្រុកចំនួន​ ០៣ និងឃុំចំនួន​ ១០​ នៃខេត្តកណ្តាល​ ទទួលបានអគាររដ្ឋបាលថ្មី​ ពីក្រសួងមហាផ្ទៃ

ខេត្តកណ្ដាល​ ៖​ សូមជម្រាបថា​ អគាររដ្ឋបាលថ្មី ដែលបានធ្វើការប្រគល់ទទួលនេះ​ គឺមានស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ដោយស្រុកនីមួយៗ​ ទទួលបានអាគារដ្ឋបាលមួយខ្នង និងអគារសាលប្រជុំមួយខ្នង និងអាគាររដ្ឋបាលឃុំចំនួន​ ១០ ទៀត​ រួមមាន ស្រុកខ្សាច់កណ្ដាល ទទួលបាន​ ១ឃុំ​ គឺឃុំស្វាយរមៀត, ស្រុកមុខកំពូល​ ទទួលបាន​ ១ឃុំ គឺឃុំព្រែកអញ្ចាញ​, ស្រុកល្វាឯម​ ទទួលបាន ៤ឃុំ គឺឃុំកោះរះ ឃុំកោះកែវ ឃុំបឹងគ្រំ​ និងឃុំសំបួរ, ស្រុកកៀនស្វាយ​ ទទួលបាន​ ១ឃុំ គឺឃុំភូមិធំ, ស្រុកកោះធំ​ ទទួលបាន​ ២ឃុំ គឺឃុំកោះធំ(ខ) និងឃុំព្រែកថ្មី, ស្រុកលើកដែក​ ទទួលបាន​ ១ឃុំ គឺឃុំក្អមសំណរ។ គម្រោងសាងសង់អគាររដ្ឋបាលទាំងនេះ គឺជាគម្រោងដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីប្រគល់ទទួលអគាររដ្ឋបាលអាគារសាលប្រជុំនៃស្រុកចំនួន​ ០៣ និងអាគារដ្ឋបាលឃុំចំនួន​ ១០ ក្នុងខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែមិថុនានេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការផ្ដល់សេវារដ្ឋបាលខេត្តកណ្ដាល បច្ចុប្បន្ននេះ​ បាននឹងកំពុងខិតខំយ៉ាងខ្លាំងក្នុងការកែប្រែឥរិយាបថជាវិជ្ជមាន របស់មន្ត្រីពីអ្នកគ្រប់គ្រងឱ្យទៅជាអ្នកផ្ដល់ និងបម្រើសេវានានា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ប្រកាន់ខ្ជាប់​និងឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទៈ​ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវារដ្ឋបាលសាធារណៈ ធ្វើយ៉ាងណា​ រួមសាមគ្គីភាពគ្នាឲ្យសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈកសាង​ និងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចំរើនគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ។

ហើយចំពោះការទទួលបាននូវសមិទ្ធិផលថ្មីនៅថ្ងៃនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ ក្នុងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់មូលដ្ឋានឲ្យមានអាគារធ្វើការសមរម្យ ឆ្លើយតបនឹងរចនាសម្ព័ន្ធថ្មីដែលទើបបានធ្វើសមារណកម្ម ដើម្បីធានាបានក្នុងការបំរើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព​ ៕

អត្ថបទដែលជាប់ទាក់ទង