ពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកជាំក្សាន្តខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យ បង្អែកជាំក្សាន្ត ខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំង៣ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
ពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកនេះ ជាថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល ដែលមានបណ្តោយប្រវែង ៣៧.៥ម៉ែត្រ ទទឹង ១៨ម៉ែត្រ កម្ពស់ ២ជាន់។
ការសាងសង់មន្ទីរពេទ្យបង្អែកនេះ ជាសមិទ្ធិផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ខិតខំរួមគ្នា ដើម្បីពង្រីកសេវាសុខាភិបាលសាធារណៈ ឲ្យមកខិតជិតប្រជាជនងាយស្រួលក្នុងការទទួលសេវា។ នេះបញ្ជាក់ឲ្យឃើញនូវការរីកចម្រើន នៃវិស័យសុខាភិបាល ក្នុងការថែរក្សាសុខភាពជូនប្រជាជន ៕