គិតត្រឹមខែឧសភា ឆ្នាំ២០២០នេះ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧,៥% ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១នេះ
ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ ស្ពាននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។
សូមបញ្ជាក់ថា ស្ពាននេះ មានប្រវែងសរុប ១.១៣១ម៉ែត្រ និង ទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨លានដុល្លារសហរដ្ឋអាមេរិក (ជាងហាសិបប្រាំមួយលាន) និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ៕