ម្ចាស់រោងសិប្បកម្ម ដែលត្រូវភ្លើងឆេះអស់ ទាមទាឲ្យក្រុមហ៊ុន CRD ទទួលខុសត្រូវ
ខេត្តរតនគិរី ៖ សោកនាតកម្មគួរឲ្យសង្រេងមួយបានកើតឡើង ដោយសារអគ្គីភ័យ ធ្វើឲ្យស្ត្រីពីរនាក់ប្ដីប្រពន្ធ លើកដៃសំពះ សុំឲ្យអាជ្ញាធរមូលដ្ឋាន ព្រមទាំងស្ថាប័នពាក់ព័ន្ធ មេត្តាជួយរកយុត្តិធម៌ឲ្យពួកគាត់ ក្រោយពេលដែលគាត់ដាក់ពាក្យបណ្ដឹងជូនអាជ្ញាធរស្រុក បន្ទាប់ពីរោងសិប្បកម្មរបស់គាត់ត្រូវភ្លើងឆេះអស់ គ្មានអ្នកទទួលខុសត្រូវ។
រោងសិប្បកម្មកែច្នៃឈើមួយកន្លែង នៅក្នុងក្រុមហ៊ុន CRD ស្ថិតក្នុងភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវបានភ្លើងឆេះខ្ទេច ទាំងសម្ភារៈ និងគ្រឿងចក្រគ្មានសេសសល់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ដែលមានម្ចាស់ឈ្មោះ វ័ង ចៀនជីន ភេទប្រុស អាយុ៥៦ មានលំនៅភូមិ-ឃុំ កើតហេតុខាងលើ។
បើយោងតាមពាក្យបណ្ដឹងជូនអភិបាលស្រុកអូរជុំ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣:៣០នាទី រសៀល ក្រុមហ៊ុន CRD បានដុតចំការ ដោយមិនបានជូនដំណឹងដល់អ្នកជិតខាង បណ្ដាលឲ្យឆេះរោងសិប្បកម្មរបស់គាត់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ដូចជា រថយន្តម៉ាក TUNDRA (ធុនត្រា) ០១គ្រឿង, គោយន្តកែច្នៃ ០១គ្រឿង, រថយន្តលើកឈើ ០១គ្រឿង, ម៉ាស៊ីន ៣០គ្រឿង, ទ្វារ បង្អួច និងរោងចក្រប្រហែលជា ៤០០០ម៉ែត្រការ៉េ គិតជាលុយ ប្រមាណជា ៥០ម៉ឺនដុល្លា។
លោក ធូ ឃឿ អភិបាលស្រុក បានឲ្យក្រុមអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នេះថា ពាក្យបណ្ដឹងរបស់ជនរងគ្រោះ លោកបានទទួលហើយ លោកក៏បានអញ្ជើញខាងក្រុមហ៊ុន CRD មកបំភ្លឺ តែគេថាភ្លើងនេះ ឆេះមកពីទីឆ្ងាយពួកគេមិនបានដឹងទេ ចំពោះការសម្របសម្រួលណាមួយនោះ ពួកគេមិនមានភារៈកិច្ចទទួលខុសត្រូវនោះទេ ហើយគេមានកម្មករនៅជិតៗនោះ សម្រាប់ការពារភ្លើងឆេះចំការកៅស៊ូរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ បើសិនជាមានការរៀបចំស្នើសុំអន្តរាគមន៍ របស់ជនរងគ្រោះ ប្ដឹងទៅតុលាការយ៉ាងណានោះ ទៅតាមភាគីរងគ្រោះនោះទៅ។ លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា ខាងស្រុកមានភារៈកិច្ចបានត្រឹមធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្រុកក៏បានស្នើសុំខាងក្រុមហ៊ុនមកបំភ្លឺហើយ ដូច្នេះស្រុកនឹងជូនដំណឹងទៅភាគីរងគ្រោះ ដើម្បីឲ្យគេរៀបចំពាក្យបណ្ដឹងទៅតុលាការ។
ជុំវិញករណីខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺណាមួយ ពីតំណាងក្រុមហ៊ុន ស៊ីអឌី (CRD) បានទេ ដោយទូរស័ព្ទទៅលេខ ០៨៨៨០០៩០៩៦ ជាមនុស្សស្រី គាត់ថា គាត់មិនមានពាក់ព័ន្ធជាមួយក្រុមហ៊ុនឡើយ៕