ប្រសាសន៍ណែនាំបន្ថែម របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញបើកពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង
បាត់ដំបង ៖ នៅក្នុងពេលអញ្ជើញបើកពិធីបុណ្យទន្លេលើកទី ៦ នៅខេត្តបាត់ដំបង នាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ អោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងកសាងផ្លូវយុទ្ធសាស្ត្រ ១ខ្សែ តភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលកាត់តាមខេត្តបន្ទាយមានជ័យ ហើយដែលផ្លូវនេះ ក៏អាចតភ្ជាប់ទៅកាន់ខេត្តផ្សេងៗមួយចំនួនទៀតដែរដូចជា ខេត្តប៉ៃលិន និងពោធិ៍សាត់ ជាដើម។ ផ្លូវថ្មីនេះ គឺចំណេញដល់ការធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប បានរហូតដល់ ៦៩គីឡូម៉ែត្រ។ រាជរដ្ឋាភិបាល នឹងរកឥណទានសម្រាប់កសាងផ្លូវនេះនៅក្នុងគម្រោង ឆ្នាំ២០២១។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពា់ក់ព័ន្ធនានាខិតខំសិក្សា និងរក្សាអោយបាននូវព្រលានយន្តហោះបែកចាន។ ទោះបីនៅពេលនេះមិនទាន់ត្រូវការប្រើប្រាស់ ប៉ុន្តែនៅពេលខាងមុខ គឺពិតជាត្រូវការមិនខាន។ សម្តេចតេជោ បានស្នើអភិបាលខេត្ត និង សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជូនដំណឹងដល់ពលរដ្ឋកុំអោយសាងសំណង់ខ្ពស់ៗនៅទីតំបន់ព្រលានចាស់នោះ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះនាពេលអនាគតខាងមុខ។ ពិតណាស់ ពេលប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ គឺនៅពេលនោះតម្រូវការកសាងព្រលានយន្តហោះគឺត្រូវតែមានដើម្បីពលរដ្ឋមានជម្រើសមធ្យោបាយធ្វើដំណើរតាមឡាន ឬតាមរថភ្លើង ឬតាមយន្តហោះ ឬឧទ្ធម្ភាគចក្រ ជាដើម។ល។
ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ ១៩ សម្តេចតេជោ បានអំពាវនាវដល់ពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវមានអនាម័យ ហើយត្រូវចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដែលបំពុលសង្គមជាតិ។ សូមបងប្អូនប្រជាពលរដ្ឋកុំភ័យខ្លាចជ្រុលខ្លាំងពេក។មកទល់ថ្ងៃនេះ គឺមាន ១៤៦ប្រទេស និងដែនដី រួមទាំងនាវា ១ ដែលកំពុងមានរីករាលដាលជំងឺឆ្លងកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយពិភពលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។ មកទល់ពេលនេះ កម្ពុជាមានពលរដ្ឋខ្មែរ១នាក់ ដែលបានឆ្លងមេរោគកូវីឌ១៩ និងមានជនជាតិអង់គ្លេស ៣នាក់ ចិន ១នាក់ (ប៉ុន្តែបានព្យាបាលជា ហើយបញ្ជូនទៅកាន់ប្រទេសកំណើតវិញហើយ) និង ជនជាតិកាណាដា ២នាក់ ដែលបានឆ្លងមេរោគកូវីឌ១៩។ ក្រសួងសុខាភិបាលកម្ពុជា កំពុងធ្វើការជិតស្និទជាមួយដៃគូទាំងអស់ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក (WHO) ក្នុងការព្យាបាល និងទប់ស្កាត់ជំងឺនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ថា កម្ពុជាគ្មានហេតុផលណា ដែលត្រូវលាក់ទុកទិន្នន័យអ្នកឆ្លងជំងឺកូវីឌ១៩ នោះទេ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរជាមួយមិត្តចិន ដែលបានខិតខំជំនះបាននូវគ្រោះមហន្តរាយដោយបានរំដោះខ្លួនចេញពីជំងឺឆ្លងដ៏កាចសាហាវនេះ ដែលបានធ្វើអោយចំនួនអ្នកឆ្លងមេរោគត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយដែលមកទល់ថ្ងៃនេះ គឺពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នេះទេ។ ស្របពេលជាមួយគ្នានេះដែរ មិត្តចិនកំពុងជួយទៅលើប្រទេសដទៃទៀត ដែលកំពុងរាតត្បាតដោយជំងឺឆ្លងកូវីឌ ១៩ នេះ គឺមានដូចជាប្រទេសអ៊ីតាលី និងប្រទេសកូរ៉េខាងត្បូង។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបជូនជាសាធារណៈអោយដឹងផងដែរថា ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចផ្អាកជាបណ្តោះអាសន្ន បិទគ្រឹះស្ថានអប់រំចំណេះដឹងទូទៅរដ្ឋ និងឯកជននៅក្នុងទីរួមខេត្តសៀមរាប និងក្នុងរាជធានីភ្នំពេញ។ នេះគឺជាការផ្អាកបណ្តោះអាសន្នដែលហៅថា វិស្សមកាលតូច ដែលក្រសួងនឹងជូនដំណឹងអំពីថ្ងៃចូលសិក្សាវិញនៅពេលក្រោយ។ នៅពេលនេះសុខភាពគឺសំខាន់បំផុតសម្រាប់ពលរដ្ឋទូទាំងប្រទេស។
ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីឌ–១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមអំពាវនាវជាបន្តដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវតែមានអនាម័យរស់នៅល្អ ទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ ហើយត្រូវចូលរួមទប់ស្កាត់ជម្ងឺឆ្លងនេះទាំងអស់គ្នា។ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា បើមានការសង្ស័យណាមួយ សូមទំនាក់ទំនងជាបន្ទាន់មកកាន់មន្ទីរពេទ្យជំនាញដើម្បីទទួលបានការពិនិត្យ និងព្យាបាល៕