សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជេីញក្នុងពិធីទទួលដំណើរ និវត្តន៍របស់កងកម្លាំងវិស្វកម្មលេខ៦៩៣ ចំនួន​ ១៨៤នាក់ ដែលបញ្ចប់បេសកកម្មក្រោមឆ័ត្រ​ អង្គការសហប្រជាជាតិ នៅប្រទេសលីបង់

ភ្នំពេញ​ ៖​ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី​ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរំលឹកកម្លាំងកម្ពុជាទាំងអស់ ឬកំពុងតែបំពេញបេសកកម្មនានា នៅក្រៅប្រទេស​ អនុវត្តតាមសេចក្តីណែនាំ និងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ ឱ្យបានទាន់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី​ ខណៈកំពុងតែកើតមាននៅតាមបណ្តាមួយចំនួន។

ការក្រើនរំលឹកបែបនេះ​ របស់សម្តេចពិជ័យសេនា ទៀ បាញ់​ បានធ្វើឡើង​ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីទទួលដំណើរ និវត្តន៍របស់កងកម្លាំងវិស្វកម្មលេខ៦៩៣ ចំនួន​ ១៨៤នាក់ ដែលបញ្ចប់បេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅប្រទេសលីបង់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា​ ៖ «ទន្ទឹមនឹងនេះ ត្រូវអនុវត្តតាមសេចក្តីណែនាំ និងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីចូលរួមចាត់វិធានការករណីជំងឺរលាកសួតដោយវីរុស កូរ៉ូណា ថ្មីត្រូវថែទាំសុខភាពហ្វឹកហាត់ និងលេងកីឡាជាប្រចាំដើម្បីបង្កើនថាម ពលកាយសម្បទាឱ្យកាន់តែរឹងមាំថែម ទៀត»។ ក្រៅពីការក្រើនរំលឹកពាក់ព័ន្ធនឹងវីរុសកូរ៉ូណានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានវាយតម្លៃខ្ពស់​ ចំពោះកងយោធពលខេមរភូមិន្ទ ដែលបានសម្រេចបានជោគជ័យលើវិស័យរក្សាសន្តិភាព ដែលជាស្នាដៃដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រកបដោយកិត្តិយសជូនជាតិ មាតុភូមិ​ សម្រាប់ប្រជាជាតិ ដែលជាសក្ខីកម្មបញ្ជាក់ថា កម្ពុជាជាប្រទេសមួយកំពុងដើរតួនាទីយ៉ាងសកម្ម​ ដោយស្មើភាព ស្មើសិទ្ធិ ទាំងផ្នែកនយោបាយ នៅគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ។

បន្ថែមពីនេះ​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន​ ជានាយករដ្ឋមន្ត្រី សម្តេចពិជ័យសេនា ក៏សម្តែងនូវការគោរពដឹងគុណ ចំពោះជនរួមជាតិទាំងអស់ ដែលបានលះបង់កូនចៅ ប្តី ប្រពន្ធ និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដើម្បីចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងក្នុងនាមមនុស្សធម៌ដ៏ថ្លៃថ្លា។

សូមជម្រាបថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៣៦១នាក់ហើយ ខណៈមនុស្សចំនួន ១៧២០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង