មន្ត្រីសាខាកាំកុងត្រូល រកឃើញគីមីបូរ៉ាក់ដាក់ក្នុងបង្អែម ១០គីឡូក្រាម និងងៀតខូចគុណភាព ៣០គីឡូក្រាម នៅផ្សារវាលយន្ដ ក្រុងស្វាយរៀង
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ នៅក្នុងឱកាសចូលឆ្នាំចិន,វៀតណាម មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយរកឃើញជាតិបូរ៉ាក់ ចំនួន ១០គីឡូក្រាម ដាក់ក្នុងលតអង្ករ និងបង្អែមបាញ់ឌុក និងងៀតត្រីរស់ខូចគុណភាព ៣០គីឡូក្រាម ។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានឱ្យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យ ពីមន្ត្រីជំនាញយើង បានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២១គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញយើង បានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ នៅក្នុងលតអង្ក ចំនួន ០៥គីឡូក្រាម មានសារធាតុគីមី (Borax) និងនំបង្អែមបាញ់ឌុក ចំនួន ០៥គីឡូក្រាម មានសារធាតុគីមី (Borax) និងរកឃើញងៀតត្រីរស់ខូចគុណភាព ៣០គីឡូក្រាម (ដុះផ្សិត) ហើយមន្ត្រីជំនាញយើង បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ ៕