សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ
ព្រះសីហនុ ៖ នាថ្ងៃសៅរ៍ ៩ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយឯកឧត្តមឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ក្នុងនោះមានផ្លូវមួយចំនួន ដែលកំពុងអនុវត្តដោយកងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិផងដែរ។
ការសាងសង់ផ្លូវចំនួន ៣៤ខ្សែ ដែលមានប្រវែងសរុប ៨៤.៥០៥ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ មកទល់នឹងពាក់កណ្តាលខែមករា ឆ្នាំ២០២០ សម្រេចលទ្ធផលបានប្រមាណជា ៣០ភាគរយ នៃគម្រោងហើយ បន្ទាប់ពីបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រួចមកក្នុងនោះមានផ្លូវមួយចំនួន បាននឹងកំពុងរៀបចំប្រព័ន្ធលូ និងចាប់ផ្តេីមចាក់ក្រាលបេតុងជាបណ្តេីរៗហេីយ។
ការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជនចំនួន ៦ និងកងវិស្វកម្មចំនួនពីរ គឺកងវិស្វកម្មសម្តេចតេជោហ៊ុនសែនសៀមរាប និងកងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់នៃក្រសួងការពារជាតិ គិតពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបើកការដ្ឋានជាផ្លូវការមកដល់ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ គឺមានរយៈពេលពីរខែគត់៕