ឯកឧត្តមអភិបាលខេត្តស្វាយរៀង ចុះពិនិត្យការចាក់ដីធ្វើច្រាំងទន្លេវ៉ៃគោ និងទីតាំងចាក់ដីបំពេញជាប់របងវិទ្យាល័យស្វាយរៀងតាមបណ្តោយផ្លូវជាតិលេខ១
ស្វាយរៀង ៖ នៅថ្ងៃសុក្រ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការស្ថាបនាច្រាំងទន្លេវ៉ៃគោ (ទំនប់តាណេង) បន្ថែម ផ្នែកខាងជើង និងផ្នែកខាងត្បូង ក្នុងនោះ ចាក់ពង្រីកនូវច្រាំងទន្លេតាមបណ្តោយផ្លូវជាតិលេខ១ ភ្ជាប់ពីច្រាំងផ្នែកខាងលិច ទៅកើតដល់គល់ស្ពានហាយវេ មានប្រវែង ២២០ម៉ែត្រ និងផ្នែកខាងត្បូងចាប់ពីច្រាំងខាងលិច ដល់គល់ស្ពានតាហោ។
ក្រោមការដឹកនាំក្នុងអាណត្តិរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម បានក៏សាងនូវសមិទ្ធផលធំជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ ហើយច្រាំងទន្លេនេះ នឹងមានការរៀបចំក្រាលការ៉ូឡា សួនច្បារសាធារណៈ ការបំពាក់នូវសម្ភារៈហាត់ប្រាណ ការរៀបចំឲ្យមានចំណតរថយន្តសម្រាប់ភ្ញៀវទេសចរណ៍ជាដើម។
សម្រាប់ទីតាំងជាប់របងវិទ្យាល័យស្វាយរៀងផ្នែកខាងជើង ជាប់ផ្លូវជាតិលេខ១ ក្នុងពេលឆាប់ៗខាងមុខនេះ និងរៀបចំចាក់ដីបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សពេលចេញពីសាលា ក៏ដូចជាការកែលម្អរសោភ័ណភាពនៅទីនោះ។ សមិទ្ធផលទាំងនេះ ក្រោយស្ថាបនារួចរាល់ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងលើកកម្ពស់សោភ័ណភាពក្នុងខេត្តឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕