សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានដ្ឋសភា និងគណៈប្រតិភូអញ្ជើញដល់ក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំ APPF
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា និងគណៈប្រតិភូជានខ្ពស់សភាកម្ពុជា បានអញ្ជើញដល់ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយសុវត្ថិភាព នារសៀលថ្ងៃទី១២ ខែមករានេះ ដើម្បីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើក ទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា(APPF) តបតាមការអញ្ជើញពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសអូស្រ្តាលី។
សភាប្រទេសអូស្រ្តាលី រួមជាមួយស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអូស្រ្តាលី និងប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងកង់បេរ៉ា ជាច្រើនបានអញ្ជើញមកទទួលស្វាគមន៍ សម្តេចប្រធានរដ្ឋសភាដល់ព្រលានយន្ត ហោះដោយក្តីគោរពស្រឡាញ់និងនឹករលឹកជាខ្លំាង។
សភាប្រទេសអូស្រ្តាលីទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៨ នៅពេលនេះគឺ បន្តសភាកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំAPPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅខេត្តសៀមរាប។ កិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៨នឹងប្រារព្ឋពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៣មករា ស្អែកនាវិមានរដ្ឋសភាអូស្រ្តាលី ក្រោមអធិបតីភាព ឯកឧត្តម ដាវិត ហ្គ័រលី អគ្គទេសាភិបាលអូស្ត្រាលី និងឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០និងឆ្នំាបន្តបន្ទាប់»។
ក្នុងនាមប្រធានAPPF លើកទី២៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញឡើងថ្លែងសន្ទរកថាក្នុងពិធី បើកកិច្ចប្រជុំផ្លូវការលើកទី២៨នេះ។ បន្ថែមពីនេះ សភាអូស្រ្តាលី បានអញ្ជើញសភាកម្ពុជា ចែក រំលែកបទពិសោធន៍ពីការដឹកនាំនិងរៀបចំកិច្ចប្រជុំ APPFលើកទី២៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ទៀតផង៕