ពិធីប្រគល់Tablets ជូនដល់ឃុំសង្កាត់ ក្នុងខេត្តស្វាយរៀង សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
ស្វាយរៀង ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់Tablets ជូនដល់ឃុំសង្កាត់ក្នុងខេត្តស្វាយរៀង សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការកំណត់អន្តសញ្ញាណកម្មក្រីក្រតាមការស្នើសុំ។
លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀងបានបញ្ជាក់ថា ដើម្បីអនុវត្តអោយបានត្រឹមត្រូវ មានសង្គតិភាព មានប្រសិទ្ធភាព និងប្រើប្រាស់បានយូរ ឃុំសង្កាត់នីមួយៗ ដែលទទួលបានTablets ១គ្រឿង ក្នុង១ឃុំ/សង្កាត់ សរុប ៨០គ្រឿង សម្រាប់ប្រើប្រាស់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងការកំណត់អន្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ត្រូវប្រើប្រាស់អោយបានត្រឹមត្រូវ និងថែរក្សាអោយបានល្អប្រសើរ។ ចំពោះការប្រើប្រាស់Tablets នេះ គឺជាការខ្ចីយកទៅប្រើប្រាស់បណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះស្ថិតនៅក្នុងការចុះបញ្ជីសារពើភណ្ឌ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តស្វាយរៀង។
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថ្លែងនូវការអរគុណចំពោះវត្តមានលោក លោកស្រី ពិសេសមន្ត្រីទទួលបន្ទុកកិច្ចការផ្តល់សេវាជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៃគ្រួសារក្រីក្រ ស្របតាមគោលនយោបាយគាំពារសង្គម(២០១៦-២០២៥)របស់រាជរដ្ឋាភិបាល។ ហើយការចែកជូននូវ Tabletsទៅដល់ឃុំសង្កាត់ទាំង៨០ នៅក្នុងខេត្តស្វាយរៀងនាពេលនេះ ជាបរិបទមួយដ៏សំខាន់ក្នុងការជម្រុញ និងលើកកម្ពស់ទៅដល់ការផ្តល់សេវាជូនដល់ក្រុមគោលដៅ នៃគ្រួសារក្រីក្រ សម្រាប់ផែនទីមគ្គុទេ្ទសក៍ រយៈពេលវែង សម្រាប់ការកែទម្រង់ និងការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។
តាមរយៈការដាក់ចេញនូវផែនទីយុទ្ធសាស្ត្រ ធានាអោយបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ព្រមទាំងលើកកម្ពស់សុខមាលភាព សមធម៌ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ ដូចជាកម្មវិធីឧបត្ថមសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពផ្សេងទៀត ដែលត្រូវអនុវត្តមុនគេ។
ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើរដល់លោក លោកស្រីដែលទទួលបានTablets ត្រូវយកចិត្តទុកដាក់ស្តាប់ក្នុងការពន្យល់ពីរបៀបប្រើប្រាស់ ពីមន្ត្រីជំនាញ ដើម្បីធ្វើការអោយបានទាន់ពេលវេលា ស្របតាមកម្មវិធីដែលបានគ្រោងទុក និងធ្វើការប្រើប្រាស់តាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ៕