លោក ឡេង ណាវ៉ាត្រា សម្រេចបេីកផ្សារទំនើប (កសិផលធម្មជាតិ) ដំបូងគេនៅកម្ពុជា ដែលទិញតែកសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះ យកមកលក់ និងត្រៀមពង្រីក 250សាខា ក្នុងរាជធានីភ្នំពេញ
នៅថ្ងៃទី28.12.2019នេះ លោក ឡេង ណាវ៉ាត្រា បានបង្ហោះនៅលេីគណនីហ្វេសបុករបស់លោកថា លោកនឹងសម្រេចបើកផ្សារទំនើប (កសិផលធម្មជាតិ) មានទីតាំងកណ្ដាល នៅOlympia ហើយត្រៀមពង្រីក 250សាខា ក្នុងទីក្រុងភ្នំពេញ ដែលទិញតែកសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះ យកមកលក់។ លោកបានបន្តថា សូមបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្ម ផ្ដោតទៅលើគុណភាព សុខភាពជាចំបង ទើបខាងផ្សាររបស់លោក ទទួលទិញយក ដែលត្រូវឆ្លងកាត់កាត្រួតពិនិត្យ ពីអង្គការ និងស្ថាប័នពាក់ព័ន្ធ ដែលបញ្ជាក់ពីគុណភាពសុខភាពពិតប្រាកដ ទើបអាចចូលផ្សារលោកបាន។
លោក ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា សូមឲ្យបងប្អូនកសិករ មានការប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់សាធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាពនោះ ខាងផ្សារទំនើបរបស់លោក មិនទទួលទិញនោះទេ។
មិនតែប៉ុណ្ណោះ លោកក៏ត្រូវការជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400នាក់ ដែលផ្ដល់អាទិភាពឲ្យនិស្សិតកសិកម្ម ឬអ្នកដែលចូលចិត្តកសិកម្ម។ នៅពេលសម្ភាសន៍ជាប់ បុគ្គលិកទាំងអស់ ត្រូវទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ដែលត្រូវចុះកុងត្រាជាមួយផ្សាររបស់លោករយៈពេលវែង។ អ្នកដែលមានបំណងដាក់ពាក្យសូមទាក់ទងមកលេខទូរស័ព្ទខាង : 066 444 444 ។
លោក ឡេង ណាវ៉ាត់ត្រា ក៏បានគោរពស្នើសុំទៅស្ថាប័នក្រសួង ដែលពាក់ព័ន្ធ មេត្តាជួយសម្របសម្រួលផង ដើម្បីមានភាពងាយស្រួល និងទទួលបានគុណភាពជោគជ័យ។ លោកបន្តថា សម្រាប់ក្រុមហ៊ុនផ្សេង ឬបងប្អូនដែលមានបំណងចង់ចូលរួម នៅលើគម្រោងនេះ ឬមានចំណេះដឹងអ្វីបន្ថែម អាចទាក់ទងមកលេខទូរស័ព្ទខាងលើ ដើម្បីពិភាក្សា ដាក់គោលដៅបន្ថែម ដើម្បីឱ្យផ្សារទំនើបកសិផលនេះ ទទួលបានភាពជោគជ័យ ពិតប្រាកដ សម្រាប់ការទទួលទិញពីបងប្អូនកសិករ។
ជាពិសេសនោះ លោកបានសំណូមពរ ឲ្យបងប្អូនទាំងអស់ មេត្តាគាំទ្រផលិតផលកសិផលធម្មជាតិ ទើបផ្សាទំនើបនេះ អាចឆ្ពោះទៅរកភាពជោគជ័យ ដ៏អស្ចារ្យបាន ព្រោះផ្សារទំនើបកសិផលនេះ ប្រឈមមុខនឹងការខាតខ្លាំងបំផុត តែទោះជាយ៉ាងណា លោកបានប្ដេជ្ញាចិត្ត ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ៕