ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន និងថ្នាំញៀនប្រមាណ ២០គីឡូក្រាម នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ព្រះវិហារ ៖ នៅវេលាម៉ោង ១៤:២២នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ ជា សំអឿន នាយរងការិយាល័យ (ក១) ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្របសម្រួលដោយពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន (ពីថៃមកកម្ពុជា ឆ្លងកាត់តាមច្រកអានសេះ) នៅចំណុចដំណាក់សេមាន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ច បានឲ្យដឹងដា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ពិន និស្សា ហៅខូច ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ និងរឹបអូសវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២០ដុំធំ ស្មើទម្ងន់ប្រមាណ ២០គីឡូក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាង សំណុំរឿងបន្តទៅតុលាការតាមនីតិវិធី ៕