ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
ស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ស្ថិតក្រោមគណៈអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រី្តក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្តជាច្រើនរូបនាក់ទៀត។
បន្ទាប់ពីទទួលសេចក្តីប្រកាស និងត្រាអង្គភាពពីគណៈអធិបតីរួចមក លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាចិត្ត នឹងខិតខំដោះស្រាយឲ្យបាននូវរាល់បញ្ហាប្រឈមនានា ដូចជា បញ្ហាផ្លូវជនបទ បញ្ហាទឹកស្អាត និងបញ្ហាអនាម័យ ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក នៅទូទាំងខេត្តស្វាយរៀង និងសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្ដែងការគាំទ្រចំពោះការសម្រេចចិត្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានតែងតាំង លោក សំ នីតូ ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដើម្បីបន្តដឹកនាំអង្គភាព បំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ក្នុងការចូលរួមជំរុញការអភិវឌ្ឍន៍ខេត្តស្វាយរៀង អោយរីកចំរើនបន្តទៀត។
ឯកឧត្តមអភិបាលខេត្តមានសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានមន្ទីរដែលចូលកាន់តំណែងថ្មី នឹងខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើអោយមានសុខដុមនីយកម្មក្នុងអង្គភាព ត្រូវយកចិត្តទុកដាក់បង្ករអោយបាននូវសាមគ្គីភាពផ្ទៃក្នុង ឯកភាពផ្ទៃក្នុង ដោយត្រូវយកចិត្តទុកដាក់គោលការប្រជាធិបតេយ្យធ្វើជាត្រីវិស័យក្នុងការដឹកនាំ គឺគោលការណ៍សមូហភាពដឹកនាំ និងមានការទទួលទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវចូលរួមជាមួយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក សង្កាត់ ឃុំ បន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនទៅតាមបេសកកម្មដ៏ល្អរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យទទួលបានជោគជ័យថ្មីៗ និង ចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រជាពលរដ្ឋនៅទីជនបទទូទាំងខេត្តស្វាយរៀងអោយមានការចម្រើនជាបន្តបន្ទាប់ទៀត។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា៖ ការប្រកាសតែងតាំងលោក សំ នីតូ ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ជំនួសលោក ហុក បូទី ដែលត្រូវចូលនិវត្ត នៅពេលនេះ ដើម្បីដឹកនាំអង្គភាព និងអភិវឌ្ឍន៍វិស័យអភិវឌ្ឍន៍ជនបទនៅតាមមូលដ្ឋាននៅទូទាំងខេត្តស្វាយរៀង ប្រកបដោយប្រសិទ្ធភាព និងមានភាពរីកចម្រើនជាបន្តទៀត។ ដូច្នេះប្រធានមន្ទីរថ្មី ត្រូវខិតខំធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងជំហរសតិអារម្មណ៍មន្ត្រីរាជការក្រោមឱវាទអោយមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសាមគ្គីភាពផ្ទៃក្នុងអង្គភាពការងារជាសំខាន់។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា៖ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះ រាជរដ្ឋភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍នូវតាមតំបន់ជនបទរួមទាំង ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអគ្គីសនី និងផ្តល់ទឹកស្អាតប្រើប្រាស់ជាដើម។ ការផ្តល់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទប្រើប្រាស់នោះ មិនសំដៅទៅលើតែទឹកម៉ាស៊ីននោះទេ គឺទឹកអណ្តូង ស្រះ ដែលមានការរៀបចំអោយបានត្រឹមត្រូវ ក៏ជាទឹកស្អាតដែលអាចអោយប្រជាពលរដ្ឋប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងគុណភាព ដែលនេះគឺភារកិច្ច និងតួនាទីដឹកនាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលត្រូវមានតួនាទីសំខាន់ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដឹកនាំអភិវឌ្ឍអោយសមស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍន៍ខេត្ត-ក្រុងរបស់យើងអោយមានការរីកចម្រើនជាលំដាប់៕