សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងសមាគមកាក បាទក្រហមខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការកិច្ចការមនុស្សធម៌

រតនគិរី​ ៖​ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី​ នៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ នៃសារធារណរដ្ឋសង្គមនិយមវៀតណាមនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩​ បានធ្វើពិធីចុះហត្ថលេខា​ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកិច្ចការមនុស្សធម៌ជាមួយគ្នា។​ ​ពិធី័ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ ស្តីពី​ ប្រតិបត្តិការកិច្ចការមនុស្សធម៌នេះ​ ធ្វេីឡើងនៅសាលាខេត្តរតនគិរី​ រវាងឯកឧត្តម ថង សាវុន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងលោក​ យឿង ឌិញយៀន ប្រធានសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ។​

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា​ យោងតាមខ្លឹមសារ
កិច្សន្យា សហប្រតិបត្តិការអន្តរជាតិ រវាងសាធារណរដ្ឋសង្គម
និយមវៀតណាម​ ជាមួយសមាគមជាតិកាកបាទក្រហមកម្ពុជា​ និងយោងតាមមុខងារភារកិច្ច​ និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងថ្នាក់កណ្តាកាកបាទក្រហមកម្ពុជា ជាមួយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម​ ទើបយើងឈានដល់ពិធីចុះហត្ថលេខា រវាងសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ជាមួយសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ។

កិច្ចព្រមព្រៀងនេះ​ ធ្វេីឡើងដោយអនុលោមតាមគោលការណ៍គ្រឹះ​ និងលក្ខន្តិកៈរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម កិច្ចព្រមព្រៀងទីក្រុង Seville ឆ្នាំ១៩៩៧យុទ្ធសាស្ត្ររបស់សមាគមជាតិទាំងបី កម្ពុជា ឡាវ វៀតណាម ក៏ដូចជា ច្បាប់ និងបទប្បញ្ញត្តិជាតិ​ និងអន្តរជាតិ​ ដែលកំពុងមានជាធរមាន​ ក្នុងស្មារតីសមភាព ការគោរពតាមប្រព័ន្ធប្រកបដោយទស្សនវិស័យ បទប្បញ្ញត្តិ និងប្រពៃណីនៃប្រទេសជាភាគី។

ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងមានដូចជា​ ការធ្វើកិច្ចសហប្រតិបត្តិការលើកិច្ចការមនុស្សធម៍,​ ការចាត់តាំងអង្គប្រជុំមួយឆ្នាំម្ដង​ ដោយធ្វើការផ្លាស់ប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះ,​ រាល់កម្មវិធី​ ត្រូវសហប្រតិបត្តិការមនុស្សធម៌ នៃខេត្តទាំងពីរ​ ចាំបាច់យកចិត្តទុកដាក់គឺ​ ការងារសង្គ្រោះជាបន្ទាន់,​ ការថែទាំសុខភាព, ការផ្សព្វផ្សាយតម្លៃមនុស្សធម៌,​ ការផ្តល់ឈាម,​ ការការពារទប់ស្កាត់គ្រោះមហន្តរាយ។​ហើយពេលមានគ្រោះមហន្តរាយកើតឡើង​ ជះឥទ្ធិពលដល់អាយុជីវិត សុខភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ​ បើមានការសំណូមពរពីភាគីណាមួយ​ គឺភាគីមួយទៀត ត្រូវចាត់តាំងក្រុមប្រតិបត្តិជួយសង្គ្រោះបន្ទាន់។​ ក្រៅពីនោះ​ ភាគីទាំងពីរ បង្កើនការទំនាក់ទំនងផ្លាស់ប្តូររាល់សកម្មភាពវប្បធម៌ សិល្បៈ និងកីឡាព្រមទាំងការចូលរួមមតិបទពិសោធន៍កសាងអភិវឌ្ឍន៍សមាគមកាកបាទក្រហមរបស់ខេត្តទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង